ព័ត៌មានជាតិ

ចិន ស្នើឲ្យរដ្ឋបាល ខេត្តព្រះសីហនុ ការពារអ្នកវិនិយោគចិន ដោយអនុវត្តន៍ តាមច្បាប់កម្ពុជា

ភ្នំពេញ ៖ ក្រោយពីមួយរយៈពេលនេះ បញ្ហានៅខេត្តព្រះសីហនុកើតឡើង ឥតឈប់ឈរ ដោយជនជាតិចិន នោះលោក វ៉ាង យ៉ាជុង (WANG YAJUN) អនុរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងអន្តរជាតិចិន បានស្នើសុំឲ្យអភិបាលខេត្ដព្រះសីហនុ ជួយការពារផលប្រយោជន៍ ក្រុមហ៊ុនវិនិយោគចិន ដោយអនុវត្តន៍ វិធានការណ៍តាមផ្លូវច្បាប់ របស់កម្ពុជា។នេះបេីយោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

អ្នកវិនិយោគ និងទេសចរចិន ស្នាក់នៅព្រះសីហនុ ប្រមាណ ជា៧ម៉ឺននាក់ កំពុងផ្តល់ផលវិជ្ជមាន យ៉ាងច្រើន និងជួយឲ្យខេត្ត បង្កើនកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែវាមានផលអវិជ្ជមាន តិចតួចផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នាពេលថ្មីៗនេះ លោក វ៉ាង យ៉ាជុង នឹងជួយផ្សព្វផ្សាយ និងជំរុញក្រុមហ៊ុនវិនិយោគចិន មកកាន់តំបន់សេដ្ឋកិច្ច ពិសេសព្រះសីហនុ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធ នៅព្រះសីហនុ។

លោកមានប្រសាសន៍ថា “សំណូមពរឲ្យរដ្ឋបាលខេត្ត ជួយការពារ ផលប្រយោជន៍ ក្រុមហ៊ុន វិនិយោគចិន ដោយអនុវត្តន៍វិធានការណ៍ តាមផ្លូវច្បាប់ របស់កម្ពុជា”។

ជាងនេះទៅទៀត លោក វ៉ាង យ៉ាជុង ជឿជាក់ថា ខេត្តព្រះសីហនុ នឹងមានការអភិវឌ្ឍ លឿនបន្តទៀត ក្នុងរយៈពេល ១០ឆ្នាំខាងមុខ នឹងក្លាយជាទីក្រុងដ៏ធំមួយ នៃប្រទេសកម្ពុជា ដូច្នេះចិនដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ព្រះសីហនុ។

ចំណែក លោក យន្ត មីន លើកឡើងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅព្រះសីហនុ កាន់តែមានការរីកចម្រើនគួរឲ្យ កត់សម្គាល់ ដោយមានការកើនឡើង ៩តំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះ ៤ទីតាំង កំពុងដំណើរការ ដែលមានទុន វិនិយោគចិន មានប្រមាណ ៧០ភាគរយ នៃទុនវិនិយោគសរុប។

លោកបន្ថែមថា ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ មានការអភិវឌ្ឍន យ៉ាងឆាប់រហ័ស ដែលមានក្រុមហ៊ុនអាកាសចរណ៍ សរុប១១ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអន្តរជាតិ មាន៤ក្រុមហ៊ុន អាកាសចរណ៍ ដែលហោះហើរទៅកាន់ គោលដៅខេត្ត-ក្រុង នៃប្រទេសចិនមាន ៦ក្រុមហ៊ុន បានហោះហើរទៅកាន់ ១៧ខេត្ត-ក្រុង នៃប្រទេសចិន៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top