ព័ត៌មានជាតិ

ធនាគារ ស្ថាបនា សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការសេវា Sathapana Mobile ថ្មីរបស់ខ្លួន

ភ្នំពេញ៖ ធនាគារ ស្ថាបនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ សម្ពោធបើកដំណើរការ ប្រើប្រាស់ជាផ្លូវការសេវា Sathapana Mobile ថ្មីរបស់ខ្លួនដែលជា កម្មវិធីធ្វើប្រតិបត្តិការ ធនាគារតាមទូរស័ព្ទដៃ ។ Sathapana Mobile គឺជាផ្នែកមួយនៃការរីកចម្រើន លើប្រតិបត្តិការធនាគារ តាមប្រព័ន្ធឌីជីថលរបស់ធនាគារ ស្ថាបនា ។

ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile ពី App Store និង Google Play ដើម្បីទទួលបានការ ធ្វើប្រតិបត្តិការធនាគារ តាមទូរស័ព្ទដៃប្រកប ដោយសុវត្ថិភាព ឆាប់រហ័ស និងភាពងាយស្រួល ព្រមទាំងមានមុខងារ ជាច្រើនមានដូចជា ពិនិត្យមើលសមតុល្យគណនី ធ្វើប្រតិបត្តិការផ្សេងៗ បើកគណនីប្រាក់បញ្ញើ មានកាលកំណត់ ផ្ទេរប្រាក់ ទូទាត់វិកយបត្រ បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ និងមានមុខងារពិសេសៗ ជាច្រើនទៀតដែលលោកអ្នកអាច ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅលើ
ពិភពលោក ។

ក្នុងឱកាសនោះដែរលោក Norihiko KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា យើងមាន មោទនភាពក្នុងការប្រកាស បើកដំណើរការប្រើប្រាស់កម្មវិធីសម្រាប់ ធ្វើប្រតិបត្តិការធនាគារ តាមទូរស័ព្ទដៃនេះ ដែលនឹងផ្តល់ជូន អតិថិជនរបស់យើង នូវបទពិសោធន៍ថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ និងទទួលបានការប្រើប្រាស់ សេវាធនាគារដែលមានគុណតម្លៃ និងភាពរីករាយបន្ថែមទៀត ។

លោក Norihiko KATO បន្ថែមថា “Sathapana Mobile គឺជាគំនិតផ្តួចផ្តើមដ៏ សំខាន់មួយរបស់ធនាគារ នៅឆ្នាំនេះដែលបង្ហាញពី ការប្តេជ្ញាចិត្តរបស់យើង ដើម្បីបំពេញនូវតម្រូវការ ហិរញ្ញវត្ថុទំនើបរបស់អតិថិជន ។ Sathapana Mobile ក៏នឹងជួយជម្រុញបន្ថែមទៀត ដល់ការរីកចម្រើន នៃការធ្វើប្រតិបត្តិការ ធនាគារតាមទូរស័ព្ទដៃ នៅកម្ពុជាផងដែរ” ។

សូមបញ្ជាក់ថា លក្ខណៈពិសេសៗរបស់ Sathapana Mobile រួមមាន៖

• ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការគណនី – របាយការណ៍សង្ខេបអំពីគណនី ពិនិត្យនិងទាញយក ប្រតិបត្តិការក្នុងកំឡុងពេល ១៨០ ថ្ងៃចុងក្រោយពីគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក ។

• បើកគណនីមានកាលកំណត់ – បង្កើត និងគ្រប់គ្រងគណនី មានកាលកំណត់ ។

• ផ្ទេរប្រាក់ – ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុក និងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត ឬ ផ្ទេរប្រាក់ទៅគណនីក្នុងសមាជិក Fast ផ្ទេរប្រាក់ទៅកាន់ដៃគូរ ផ្តល់សេវាកម្មទូទាត់ (PSP) ។

• ធ្វើប្រតិបត្តិការលើប័ណ្ណឥណទាន – ពិនិត្យមើលសមតុល្យ និងប្រតិបតិ្តការប័ណ្ណឥណទាន ទូទាត់វិក្កយបត្រប័ណ្ណឥណទាន ឬ បង្ខាំងប័ណ្ណរបស់លោកអ្នក ។

• ការទូទាត់វិក្កយបត្រ – ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុន ដែលជាដៃគូរសហការណ៍ ។

• បញ្ចូលកាតទូរស័ព្ទ – បញ្ចូលទឹកប្រាក់ភ្លាមៗទៅកាន់ លេខទូរស័ព្ទរបស់លោកអ្នក ។

• ប្រើស្នាមម្រាមដៃ សម្រាប់ចូលប្រើប្រាស់ – ប្រើស្នាមម្រាមដៃដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវីធី iOS ឬ Android បានយ៉ាងឆាប់រហ័ស ។

សូមបញ្ជាក់ផងដែរថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេ មួយនៅក្នុងប្រទេសកម្ពុជាដែលមាន ទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ។ ធនាគារ ស្ថាបនា មានបណ្តាញសាខាធំជាងគេ លំដាប់ទីពីរនៅក្នុងប្រទេស ដែលមានបណ្តាញសាខាចំនួន ១៦៩ និងបុគ្គលិកបម្រើការងារជាង ៤០០០នាក់ ។ ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ពេញលេញមានដូចជា ផលិតផលប្រាក់កម្ចី ប្រាក់បញ្ញើ សេវា Sathapana Mobile សេវា iBanking សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាធានា និងសេវាទូទាត់ការនាំចេញ និងនាំចូល និងមានសេវាធនាគារ ជាច្រើនផ្សេងទៀត ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័ររបស់យើងខ្ញុំ www.sathapana.com.kh ៕

ដោយ៖ ខា ដា

Facebook Comments

To Top