ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន រៀបចំអាហារសាមគ្គី ពេលល្ងាច និងពាំនាំថវិកា ឧបត្ថម្ភកុមារកំព្រា ២៥៧នាក់ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ: លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកស្រី បានដឹកនាំកម្លាំង សម្ព័ន្ធយុវជនមុស្លិមកម្ពុជា អមដំណើរដោយតំណាងម្ចាស់ជំនួយ ពីប្រទេសសាំងហ្គាពួរ រៀបចំ ពិធីប្រគល់ថវិកា សម្ភារៈ និងអាហារពេលល្ងាច ជូនកុមារកំព្រា ២៥៧នាក់ ដែលអញ្ជើញមកពីស្រុក ចំនួន៣ក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។

ពិធីនេះត្រូវបានរៀបចំឡើង នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ សហការរៀបចំដោយ មូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា សាខាខេត្តត្បូងឃ្មុំ។ ពិធីក៏មានការរៀបចំ ទទួលអាហារស្រាយបួសរ៉ាម៉ាឌន ជូនម្តាយ និងជីដូន ជីតា របស់កុមារកំព្រា និងប្រជាពលរដ្ឋ សរុបជាង ៦០០នាក់។

លោក កៅ អ៊ីមរ៉ន បានក្រើនរំលឹកដល់កុមារ៉ា កុមារីកំព្រា ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតវែងឆ្ងាយ ត្បិតការកំព្រាឪពុក រឺម្តាយ មិនមែនជាឧបសគ្គដាច់ខាត ដែលតម្រូវឲ្យប្អូនៗកុមារកំព្រា បោះបង់ការសិក្សារៀនសូត្រនោះទេ ព្រោះជាក់ស្តែង សព្វថ្ងៃយើងឃើញថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺ មានកុមារកំព្រា និងពិការ មិនតិចទេ ដែលបានពុះពារខំប្រឹងសិក្សា និងទទួលបានចំណេះដឹង ជំនាញ ដ៏ជោគជ័យ ហើយក៏បាននិងកំពុងទទួលបាន ការងារល្អប្រសើរ។

លោកម៉ូត យូសុះ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពមនុស្សធម៌ របស់អង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដែលតែងតែពាំនាំ អំណោយមនុស្សធម៌ គ្រប់ផ្នែកដែលចាំបាច់​ដើម្បីដោះស្រាយតម្រូវការ និងកង្វះខាតនៅសហគមន៍ ជាក់ស្តែង ពេលនេះ ក្រោមជំនួយពីសប្បុរសជនសិង្ហបុរី បានដោះស្រាយថវិកាកុមារកំព្រា ២៥៧នាក់ ក្នុងម្នាក់៩ម៉ឺនរៀល និងសម្ភារៈសិក្សា ជាមួយការរៀបចំអាហារសាមគ្គី គឺជាកាយវិការមនុស្សធម៌ដ៏ប្រពៃ ហើយលោកជំរុញ ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គការសមាគម បង្កើនការយកចិត្តទុកដាក់ លើកុមារកំព្រា ព្រោះគាត់ ពិតជាត្រូវការភាពកក់ក្តៅ ហើយគាត់ក៏ជាអនាគតយុវជន ដ៏មានតម្លៃរបស់សង្គមផងដែរ៕

To Top