ព័ត៌មានជាតិ

ទូតជប៉ុនសង្ឃឹមថា កីឡាឆៀរលីដឌីងកម្ពុជា នឹងរីកចំរើន ដោយនឹងធ្វើឲ្យផ្លាស់ប្ដូរ ទំនាក់ទំនងប្រទេសទាំង២

ភ្នំពេញ ៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (Hidehisa Horinoichi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កីឡាឆៀរលីដឌីងនៅកម្ពុជា នឹងមានការរីកចំរើន ព្រមទាំងធ្វើការផ្លាស់ប្ដូរ ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនផងដែរ។

កីឡាឆៀរលីដឌីង គឺជាកីឡាមួយថ្មីសម្រាប់កម្ពុជា ។ កីឡានេះ ជាប្រភេទកីឡា ដែលកើតចេញពីការសម្ដែងក្បាច់រាំ កាយសម្ព័ន្ធ រួមផ្សំជាមួយសំឡេងលើកទឹកចិត្ត និងសង្វាក់ភ្លេងផងដែរ។ ពីមុនមក ឆៀរលីដឌីងនេះ គឺជាការសម្ដែងដើម្បីលើកចិត្ត ទៅដល់ក្រុមកីឡាផ្សេងៗ ប៉ុន្ដែនាពេលនេះ ឆៀរលីដឌីង ក៏ក្លាយជាកីឡាមួយ ដែលគេយកប្រកួតប្រជែង។

ក្នុងពិធីប្រគល់ និងទទួលសម្ភារៈ កីឡាឆៀរលីដឌីង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានឲ្យដឹងថា សមាគមឆៀរលីដឌីងជប៉ុនបានគាំទ្រ និងលើកកម្ពស់សមត្ថភាព ក្រុមឆៀរលីដឌីងកម្ពុជា ដូចជាបានអញ្ជើញគ្រូបង្វឹក និងកីឡាឆៀរលីដឌីងកម្ពុជា ៩នាក់ ចូលរួមការហ្វឹកហាត់រដូវក្ដៅ នៅជប៉ុនកាលពីឆ្នាំ២០១៦។

លោកមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា តាមរយៈសម្ភារៈកីឡា ដែលបានប្រគល់ជូនទាំងនេះ កីឡាឆៀរលីដឌីងនៅកម្ពុជានឹងរីកចំរើន ហើយការផ្លាស់ប្ដូ រទំនាក់ទំនងប្រទេសយើងទាំងពីរ ក្នុងវិស័យកីឡាឆៀរលីដឌីង កាន់តែសកម្មថែមទៀត” ។

ចំណែក រដ្ឋលេខាធិការក្រសួងអប់រំ លោក យក់ ង៉ុយ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងជំរុញ ដល់ស្ថាប័នអប់រំគ្រប់កម្រិត ទាំងឯកជន និងរដ្ឋឲ្យធ្វើការចូលរួម អភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទ។ លោកបានថ្លែងអំណរគុណ សមាគមឆៀរលីដឌីងជប៉ុន ដែលផ្ដល់អំណោយ ជាសម្ភារៈកីឡា ដល់កីឡាករ-ការិនីកម្ពុជា។

លោក Setsuo Nakmura ប្រធានសមាគមឆៀរលីដឌីងជប៉ុន និងជាប្រធានសហព័ន្ធ ឆៀរលីដឌីងអន្ដរជាតិ បានថ្លែងថា តាមរយៈកិច្ចសហការ រវាងក្រសួងការបរទេសជប៉ុន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ទើបអាចធ្វើឲ្យសមាគមឆៀរលីដឌីងជប៉ុន មានឱកាសចូលរួមចំណែក ជួយក្នុងការរឹតចំណងមិត្តភាព រវាងកម្ពុជា-ជប៉ុន តាមរយៈកីឡាឆៀរលីដឌីងនេះ។

លោកបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា តាមរយៈការរួមចំណែក បន្ដិចបន្ដួចរបស់យើង សមាគមឆៀរលីដឌីងជប៉ុន នឹងអាចជួយដល់ការ អភិវឌ្ឍវិស័យកីឡា ឆៀរលីដឌីងនៅកម្ពុជា នាពេលអនាគត នឹងអាចផ្ដល់ឥទ្ធិលដ៏មានន័យ ដល់យុវជនកម្ពុជា” ។

ដោយឡែក លោកសាស្ដ្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន និងជាប្រធានសហព័ន្ធឆៀរលីដឌីងកម្ពុជា បានថ្លែងអំណរគុណ សមាគមឆៀរលីដឌីងជប៉ុន ដែលតែងតែគាំទ្រដល់កម្ពុជា តាំងពីពេលចាប់ផ្តើមក្លាយជាសមាជិក នៃសហព័ន្ធឆៀរលីដឌីងអន្ដរជាតិ និងសហព័ន្ធឆៀរលីដឌីងអាស៊ី។

សូមរំលឹកថា សមាគមឆៀរលីដឌីង បានប្រគល់ស្បែកជើងកីឡា៧៣ និងអាវយឺត៣៨៥ ដល់សហព័ន្ធឆៀរលីដឌីងកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ កីឡាឆៀរលីដឌីងនៅកម្ពុជា៕ ដោយ ៖ អេង ប៊ូឆេង

To Top