នយោបាយ

វិនិយោគិនចិនជាង ១០០នាក់ មកពីប៉េកាំង និងហុងកុងស្វែងរកឱកាសវិនិយោគលើ វិស័យទេសចរណ៍ នៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង (នាគអាស៊ី) ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសមិត្តកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ នៅប្រទេសសន្តិភាពមួយនេះ ដូចជាវិស័យទេសចរណ៍ជាដើម។ នេះបេីយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។

ដើម្បីទទួលស្វាគមន៍ចំពោះវិនិយោគិន និងធុរជនចិនខាងលើ ក្រសួងទេសចរណ៍បាន សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំជំនួបធុរកិច្ចអាហារថ្ងៃត្រង់សម្រាប់ពួកគេ ព្រមជាមួយសន្ទរកថា ស្វាគមន៍យ៉ាងកក់ក្ដៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគហុងកុង និងប៉េកាំង ដែលដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងលោក Li Hengqing ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច នៃការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំង និងបណ្តាវិនិយោគិននៅកម្ពុជា ដោយបញ្ជាក់ថា នេះគឺជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ ខែ្សក្រវាត់ និងផ្លូវ ស្តីពីកិច្ចពិភាក្សាតុមូលលើ ការវិនិយោគទេសចរណ៍នៅកម្ពុជា ដោយទទួលបានជោគជ័យ នៅទីក្រុងហុងកុងកន្លងមក។

លោករដ្ឋមន្រ្តីបានថ្លែងថា ឆ្នាំនេះមិនត្រឹមតែជា ឆ្នាំពិសេសសម្រាប់ខួប ៦១ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ តែក៏ជាឆ្នាំប្រកាសទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។ កម្ពុជាមានផែនការទាក់ទាញ ទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់)។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់វិនិយោគិនចិន មកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនិវានុវត្តន៍ (Innovative ) ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization)។

តាមរយៈជំនួបជាដៃគូ វិនិយោគពីក្រុងហុងកុង និងក្រុងប៉េកាំង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសម្ដែងនូវឆន្ទៈពិត ចេញពីបេះដូងលើស្ថានភាពរីកចម្រើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានសន្យាជួយសិក្សាលទ្ធភាព រៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងទេសចរណ៍បៃតង និងឆ្លាតវៃ (Green & Smart Tourism City)៕

ដោយ៖ បាន ធារ៉ូ

To Top