នយោបាយ

ប្រធានស្ដីទីព្រឹទ្ធសភា៖ ជំនួយទាន់ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋាភិបាល និងប្រជាជនចិន បានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាព របស់កម្ពុជា

ភ្នំពេញ៖ លោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរីកចម្រើន របស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយ ឧបត្ថម្ភគាំទ្រ យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីបក្ស រដ្ឋាភិបាល និងប្រជាជនចិន បានឡើយហើយជំនួយទាំងនោះ មិនគ្រាន់តែនាំមកនូវ ការអភិវឌ្ឍប្រទេសកម្ពុជា ប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាព របស់ប្រទេសកម្ពុជា ទៀតផង។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វ៉ាង យ៉ាងជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា លោក ទេព ងន  បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច របស់លោក វ៉ាង យ៉ាងជុន និងគណៈប្រតិភូ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

 

ក្នុងនាមព្រឹទ្ធសភាលោក ទេព ងន បានសម្តែង នូវការអបអរសាទរ ចំពោះជោគជ័យ នៃការរៀបចំវេទិកាស្តីពី ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយលើកទី២ និងវេទិកាសន្ទនា អរិយធម៌អាស៊ី លើកទី១ នៅទីក្រុងប៉េកាំង នាពេលកន្លងទៅនេះ ព្រមទាំងក្នុងឱកាស ខួបលើកទី៧០ ឆ្នាំនៃថ្ងៃបង្កើត សាធារណរដ្ឋ ប្រជាមានិតចិន ដែលនឹងចូលមកដល់ ក្នុងខែតុលាខាងមុខនេះ។

លោក ទេព ងន បានអបអរសាទរ និងជូនពរឱ្យបក្ស រដ្ឋ និងដូចជាប្រជាជនចិនទាំងមូល សូមបន្តសម្រេចបាន នូវសមិទ្ធផលកាន់តែធំធេង ដើម្បីអភិវឌ្ឍប្រទេសចិន ឱ្យទៅជាប្រទេសសង្គមនិយម ទំនើបប្រកប ដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន ពោរពេញដោយ ភាពសុខដុមរមនា។

លោក ទេព ងន បានអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តន៍ នយោបាយកែទម្រង់ និងបើកចំហដោយជោគជ័យ ធ្វើឱ្យប្រទេសចិន មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងខ្លាំងក្លា ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ មានកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែធំនៅឆាកអន្តរជាតិ។ វឌ្ឍនភាពរបស់ប្រទេសចិន មិនត្រឹមតែនាំមកនូវ វិបុលភាពសម្រាប់ ប្រជាជនចិន ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការអភិវឌ្ឍ នៅបណ្តាបប្រទេសជាមិត្ត ផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។

ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយ ចិនមួយ និងសូមអរគុណប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ នៅប្រទេសកម្ពុជា ក៏ដូចជាការគាំទ្រ ចំណាត់ការតាមផ្លូវច្បាប់ ដើម្បីរក្សាឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាពនៅប្រទេសកម្ពុជា។ ប្រទេសចិនតែងតែគាំទ្រ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការជ្រើសរើស មាគ៌ាអភិវឌ្ឍន៍សង្គម ស្របតាមបរិបទប្រទេសកម្ពុជា។

លោក ទេព ងន មានសេចក្តីរីករាយ ដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ ប្រទេសកម្ពុជា និងប្រទេសចិន ត្រូវបានថែបំប៉ន ឲ្យកាន់តែរឹងមាំ ដូចដែកថែបប្រកបដោយទំនុកចិត្ត នយោបាយដ៏ខ្ពស់បំផុត។

លោកទេព ងន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សានយោបាយ ប្រជាជនចិន ក៏ត្រូវបានពង្រីកជាលំដាប់។ ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភា នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមក ជាបន្តបន្ទាប់។ ជំនួយឧបត្ថម្ភរបស់សភាប្រឹក្សានយោបាយ ប្រជាជនចិន និងរដ្ឋាភិបាលចិន ចំពោះព្រឹទ្ធសភាកម្ពុជា បានរួមចំណែកយ៉ាងជាក់ស្តែង ដល់ការពង្រឹងស្ថាប័ន និងលើកកម្ពស់សមត្ថភាព ការងាររបស់មន្ត្រី នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា។

លោក ទេព ងន បានវាយតម្លៃខ្ពស់ ចំពោះតួនាទីអន្តរជាតិ របស់ប្រទេសចិន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោក។ ប្រទេសកម្ពុជាគាំទ្រ យ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើម របស់លោក ស៊ី ជិនភីង ដែលបានបង្កើតឡើង​ នូវគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ និងធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី(AIIB) ព្រមទាំងកិច្ចសហប្រតិបត្តិការ ចិនអាស៊ាន អាស៊ានបូក៣ តំបន់ពាណិជ្ជកម្មសេរីចិន អាស៊ាន និងកិច្ចកិច្ចសហប្រតិបត្តិការ មេគង្គឡានឆាង។ប្រទសកម្ពុជា នឹងទទួលបាន នូវផលប្រយោជន៍យ៉ាងច្រើន ពីកិច្ចសហប្រតិបត្តិការទាំងអស់ ខាងលើនេះ។

លោក វ៉ាង យ៉ាងជុន បានបញ្ជាក់អំពីគោលបំណង របស់គណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែឈានទៅមុខ ថែមទៀត។

លោក វ៉ាង យ៉ាងជុន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា ដែលបានគាំទ្រ នូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ ផ្លូវមួយ។ ជាពិសេសថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា ដែលបានរួមចំណែក យ៉ាងធំធេង ក្នុងការគាំទ្រការរៀបចំ ធ្វើការប្រជុំវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់មួយផ្លូវមួយ លើកទី ២ ។ តាមរយៈវេទិកានេះ គឺជាឱកាសមួយ ចែករំលែកដល់សកលលោក ព្រមទាំងប្រទេសកម្ពុជា ក៏បានទទួលផលប្រយោជន៍ ពីការចូលរួមយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ និងផ្លូវមួយនេះដែរ។ វេទិកាកំពូល នៃខ្សែក្រវាត់មួយ និងផ្លូវមួយលើកទី ២ នេះ បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិ បានទទួលស្គាល់ និងមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ និងផ្លូវមួយ។

លោក វ៉ាង យ៉ាងជុន បានជម្រាបជូនថា នាខែមិថុនាខាងមុខនេះ ក្រសួងទំនាក់ទំនងអន្តរជាតិ និងគណៈកម្មាធិការ បក្សទីក្រុងចុងស៊ីន នឹងរៀបចំសិក្ខាសាលាស្តីពី ការតភ្ជាប់រវាងផ្លូវគោក និងផ្លូវសមុទ្រ នៅប្រទេសចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។

លោក វ៉ាង យ៉ាងជុន បានគូសបញ្ជាក់ថា ប្រទេសចិន សូមស្នើសុំពង្រឹង នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ ដើម្បីបង្កើនទំនុកចិត្តគ្នា ទៅវិញទៅមក៕

Facebook Comments

To Top