កីឡា

ក្រុមបាល់ទាត់ជើងខ្លាំង មកពីវិទ្យាល័យ៩ក្រុម ប៉ះគ្នាដណ្តើមជើងឯក វិទ្យាល័យលើកទី១ ឆ្នាំ២០១៩

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)បានសហការជាមួយក្លិបបាល់ទាត់កំពូលកម្ពុជា គឺក្លិបបឹងកេត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ប្រកាសបើកជាផ្លូវការ នៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ជ្រើសរើសជើងឯក វិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ នៅទីស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃទី៦ មិថុនាខាងមុខនេះ។

ក្នុងឳកាសពិធីប្រកាសជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួមពីលោក ងួន សុភៈ ប្រធានគណៈកម្មាការប្រតិបត្តិ រៀបចំការប្រកួត លោក បែ មករា អ្នកចាត់ការទូទៅ ក្លិបបាល់ទាត់បឹងកេត លោកនាយកសាលារៀនទំាង៩ ព្រមទាំងអ្នកតំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងអ្នកតំណាងក្រុមបាល់ទាត់ មកពីបណ្តាវិទ្យាល័យ នៅរាជធានីភ្នំពេញ។

លោក ងួន សុភៈ បានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះ ដំណើរបានដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណង រួមចំណែកលើកកម្ពស់ វិស័យបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្តុះស្មារតីស្រលាញ់កីឡាសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទំាងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្ស តាមវិទ្យាល័យនានាទំាងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន។

លោកបានបន្តថា ការប្រកួតយើងធ្វើឡើងនៅទីលានចំនួន៣ គឺកីឡដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក កីឡដ្ឋានបាល់ទាត់វិទ្យាល័យជា ស៊ីម ច្បារអំពៅ និងកីឡដ្ឋានបាល់ទាត់ក្លិបបឹងកេត ។ សម្រាប់រដូវកាលទី១នេះ ដែលមានក្រុមបាល់ទាត់វិទ្យាល័យចំនួន៩ រួមមានក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម ច្បារអំពៅ ក្រុមបាល់ទាត់វិទ្យាល័យបឹងត្របែក ក្រុមបាល់ទាត់វិទ្យាល័យ ចាក់អង្រែ ក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម សាមគ្គី ចំណែកក្រុមបាល់ទាត់ វិទ្យាល័យ ឥន្រ្ទទេវិ ក្រុមបាល់ទាត់វិទ្យាល័យ ឬស្សីកែវ ក្រុមបាល់ទាត់វិទ្យាល័យ ស.ហ.ស ភ្នំពេញថ្មី និងក្រុមបាល់ទាត់សាលាឯកជនវេស្ទឡាញន័ ដោយឡែកក្រុមគ្រងជើងឯក ទទួលបានប្រាក់រង្វាន់លើទឹកចិត្តចំនួន ៦០លានរៀល ក្រុមគ្រងជើងឯករង ទទួលបានប្រាក់រង្វាន់លើទឹកចិត្តចំនួន៤០លានរៀល និងក្រុមជាប់ចំណាត់លេខ៣ ទទួលបានប្រាក់រង្វាន់លើទឹកចិត្តចំនួន២០លានរៀល ៕
ដោយ៖ លី ភីលីព

To Top