នយោបាយ

សម្ដេចតេជោ នឹងចូលរួមសន្និបាត ប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គម អង្គការសហប្រជាជាតិ សម្រាប់តំបន់​ អាស៊ី-ប៉ាស៊ីហ្វិក នៅបាងកក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ ឧសភានេះបានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ រាជរដ្ឋាភិបាលមួយចំនួនទៀត ។

ដោយទទួលស្គាល់នូវ សមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ទៅ លើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ
សេដ្ឋកិច្ចនិងសង្គម ដែលបានលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ៕

ដោយ៖ ខា ដា

Facebook Comments

To Top