ព័ត៌មានជាតិ

JCI សាខាភ្នំពេញ ក្រុងពាលីបើកការដ្ឋាន សាងសង់អគារសិក្សាថ្មីមួយខ្នង ជំនួសអគារសិក្សាចាស់ឃុំទឹកថ្លា នៅស្រុកស្វាយអន្ទរ

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) សហការជាមួយ JCI Marina (Singapore) បានរៀបចំពិធីក្រុងពាលី បើកការដ្ឋាន សាងសងអគារបឋមសិក្សា មួយខ្នង មាន៣បន្ទប់ និងឧបត្ថម្ភសម្ភារៈសិក្សាមួយចំនួន ដល់សិស្សានុសិស្ស ប្រមាណជាង៤៥០នាក់ នៅបឋមសិក្សាទឹកថ្លា ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ។

ក្នុងឱកាសចែកសម្ភារៈ ដល់សិស្សបឋមសិក្សាទឹកថ្លា ស្រុកស្វាយអន្ទរ លោក លី សែនសេរី ប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ បានឲ្យដឹងថា ក្រៅតែពីចែកសម្ភារៈ សិក្សា និងបានចុះមកផ្ទាល់ ឃើញថាមានការខ្វះខាត បន្ទប់សិក្សា លោក ក៏បានបង្កើតឲ្យមានការផ្ដូចផ្ដើម ក្នុងការ កសាងអគារសាលាថ្មីមួយខ្នងទៀត ខណៈដែលសាលា ដែលកំពុងសិក្សា បច្ចុប្បន្ននេះ វាមិនទាន់គ្រប់ទៅតាមចំនួនសិស្ស ដែលកំពុងសិក្សា ខណៈដែលអគារសិក្សាមួយខ្នងនៅបឋមសិក្សានោះ មានសភាពពុកទ្រុឌទ្រោមយ៉ាងខ្លាំងដែលមិនអាចអង្គុយរៀនសូត្រ បាននោះទេ។

លោកបន្តថា អគារសិក្សាចាស់មួយខ្នងនេះ នឹងត្រូវជំនួសមក អគារសិក្សាថ្មីមួយខ្នងវិញ ដែលអគារសិក្សាថ្មីមួយខ្នងនេះ គឺមាន៣បន្ទប់ ដែលនឹងសាងសង់នៅឆ្នាំនេះ។

ទាក់ទងនិងការបើកការដ្ឋាន សាងសង់អគារបឋមសិក្សាឃុំទឹកថ្លានេះ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) និង JCI Marina (Singapore) មានបំណងស្វែងរកមូលនិធិពី សប្បរុសជននានាបន្ថែម ដើម្បី ប្រមូលថវិកាទាំងអស់នេះ យកទៅចូលរួម ក្នុងការសាងសង់អគារបឋមសិក្សា ដើម្បីបញ្ចប់ការសាងសង់ អគារបឋមសិក្សាឃុំទឹកថ្លានេះ នៅចុងឆ្នាំ២០១៩។

ជាមួយគ្នានោះ លោក ចាន់ រាន់ នាយកសាលាបឋមសិក្សា ឃុំទឹកថ្លា ក៏បានឲ្យដឹងផងដែរថា បឋមសិក្សាឃុំទឹកថ្លា នៅមានការខ្វះខាតច្រើន ដូចជាអគារសិក្សារបស់សិស្ស សៀវភៅអាននៅក្នុងប័ណ្ណាល័យ រួមទាំងរបងសាលាខ្វះខាតទាំងស្រុង ដែលធ្វើឲ្យពិបាក ក្នុងថែរក្សាសោភ័ណភាព ក្នុងបរិវេណសាលារៀន។

លោក ចាន់ រ៉ាន់ ក៏បានថ្លែងអរគុណ ដល់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) និង JCI Marina (Singapore) ដែលបានឧបត្ថម្ភសម្ភារៈសិក្សា មួយចំនួន ដល់សិស្សានុសិស្ស ព្រមទាំងបានជួយឧបត្ថម្ភ កសាងអគារសិក្សាមួយខ្នង មានបីបន្ទប់ ខណៈដែលនៅបឋមសិក្សាឃុំទឹកថ្លានេះ កំពុងមានការខ្វះខាត៕

           

Facebook Comments

To Top