អន្តរជាតិ

បាតុកម្មលទ្ធផលឆ្នោត នៅឥណ្ឌូនេស៊ី បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួសរាប់រយនាក់

បរទេស៖ អ្នកគាំទ្របេក្ខជនប្រធានាធិបតី ដែលមិនទទួលជោគជ័យ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅក្នុងរដ្ឋធានីឥណ្ឌូនេស៊ី នៅថ្ងៃពុធ ដោយក្រុមបាតុករនាំគ្នាដុតរថយន្ត និងគប់ដុំថ្ម ទៅប៉ូលីសដែលកំពុងបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ សំដៅទៅបាតុករវិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់អភិបាល ក្រុងហ្សាការតាលោក Anies Baswedan ថា យ៉ាងហោចណាស់ មនុស្ស ៦នាក់បានស្លាប់និង ២០០នាក់បានរងរបួស។

ក្រុមអ្នកតវ៉ាបានព្យាយាមបង្ខំចូលទៅកាន់ការិយាល័យទីប្រជុំជននៃភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតកាលពីថ្ងៃអង្គារហើយការប៉ះទង្គិចគ្នា ចាប់តាំងពីពេលនោះមក។ អ្នកនាំពាក្យប៉ូលីសជាតិលោក Dedi Prasetyo បាននិយាយថា ជនសង្ស័យចំនួន ២០នាក់ត្រូវបានចាប់ខ្លួន។

ក្រុមអ្នកតវ៉ាស្លៀកពាក់រ៉ូបពណ៌ស បានបិទផ្លូវក្នុងសង្កាត់មួយនៅរដ្ឋធានីហ្សាការតា និងនៅកន្លែងមួយទៀត ដោយក្រុមកុបករបានវាយប្រយុទ្ធជាមួយក្រុមប៉ូលីសដោយគប់ដុំថ្ម និងដុតភ្លើង។

នៅអំឡុងពេលយប់ គឺរថយន្ត និងអន្តេវាសិកដ្ឋានប៉ូលីស ត្រូវបានគេដុតបំផ្លាញនៅពេលដែលប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ និងកាណុងបាញ់ទឹក បាញ់ប្រឆាំងនឹងក្រុមអ្នកតវ៉ា។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការបោះឆ្នោតរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារ បានប្រកាសថា ប្រធានាធិបតីលោក Joko Widodo បានឈ្នះការបោះឆ្នោតនៅអាណត្តិទីពីរនេះ ដែលទទួលបានសំឡេងគាំទ្រចំនួន ៥៥,៥ភាគរយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមេសា៕ ប្រែសម្រួលៈ ណៃ តុលា

To Top