នយោបាយ

លោក សុខ ឥសាន៖ ការនិពន្ធចម្រៀង ប្រមាថជាតិសាសន៍ខ្លួនឯង មិនមែនជាសិទ្ធិឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសានបានអះអាងថា ការតែងនិពន្ធ បទចម្រៀងដើម្បីប្រមាថជាតិសាសន៍ ខ្លួនឯងមិនមែនជាសិទ្ធិឡើយ។

ការលើកឡើងរបស់លោក សុខ ឥសាន បែបនេះបន្ទាប់ពីពេលថ្មីៗនេះ មានយុវជន ម្នាក់ បានតែងនិពន្ធបទចម្រៀង មួយបទដែលមានចំណងជើងថា “សង្គមនេះ”ដោយបទចម្រៀងនោះមានលក្ខណៈ ជាប្រភេទបទរ៉េប បង្កប់អត្ថន័យ ច្រៀងរិះគន់ សង្គម សព្វថ្ងៃ ដែល ដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា។

យោងតាមប្រព័ន្ធទំនាក់ទំនង សង្គមតេឡេក្រាម របស់លោកសុខ ឥសាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩បានឲ្យដឹងថា “ការនិពន្ធ ការសរសេរ ការច្រៀងប្រមាថជាតិសាសន៍ឯង មិនមែនជាសិទ្ធិទេ” ។

លោកបន្តថា ការកោះហៅទៅសាកសួរ គឺជានីតិវិធីដើម្បីរកយុត្តិធម៌ ។ រីឯមិនចង់ឲ្យកោះហៅ គឺកុំធ្វើល្មើសច្បាប់ ។ លោកឲ្យដឹងទៀតថា ក្នងរបបប្រល័យពូជសាសន៍ គឺគ្មានអ្នកណានឹកឃើញសិទ្ធិសេរីភាពទេ ។ វិទ្យុឯករាជ្យ គឺវិទ្យុដែលផ្សាយឲ្យមានការញ៉ុះញង់ វាយប្រហាររាជរដ្ឋាភិបាល ប្រមាថជាតិសាសន៍ឯង ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ស្ថានភាពនយោបាយនៅកម្ពុជា ប្រជាជនកម្ពុជាទូទៅថាល្អ មានសន្តិភាពស្ថិរភាពនយោបាយ សុខសុវត្ថិភាពសង្គមល្អ មានការអភិវឌ្ឍន៍។ រីឯការហូបចុកដើម្បីបបួលគ្នា ប្រព្រឹត្តល្មើសច្បាប់មិនមែនជាសិទ្ធិទេ ។

លោកបន្ថែមថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ដោយតុលាការកំពូលរួចហើយ គ្មានជនណាមានសិទ្ធិ បបួលគ្នាគាំទ្រទៀតទេ។ អ្នកដែលហៅខ្លួនឯងថា ប្រជាធិបតេយ្យបែកបាក់ គ្នា ជាការបរាជ័យរបស់ពួកអនាធិបតេយ្យ ។ ដោយមិនចង់ឲ្យរំលឹក ពីរបបប្រល័យពូជសាសន៍ ចង់បិទបាំងអំពើឃោរឃៅនៃរបបវាលពិឃាដ។ លោកថា ការចែកអំណាច នៅកម្ពុជាគឺប្រជាជនកម្ពុជា ជាអ្នកផ្តល់អំណាចឲ្យ គណបក្សណាដែលមាន កម្មវិធីនយោបាយល្អ គិតគូរផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការសម្តែងឆន្ទៈ ក្នុងការបោះឆ្នោត តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ៕

ដោយ៖ ធី លីថូ

To Top