នយោបាយ

លោក ផៃ ស៊ីផាន៖ សេចក្ដីស្នើច្បាប់ ឱ្យទម្លាក់បទចោទប្រកាន់ លើក្រុមប្រឆាំង របស់សមាជិកព្រឹទ្ធសភាអាមេរិកនោះ គឺគ្មានន័យចំពោះកម្ពុជាឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផានបានអះអាងថា ការស្នើច្បាប់របស់ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកជាថ្មីនេះ មិនអាចប៉ះពាល់ដល់ ដែនអធិបតេយ្យភាពកម្ពុជាឡើយ ព្រោះពួកគេជាមេខ្លោង របស់ក្រុមប្រឆាំង។

ការលើកឡើង របស់អ្នកនាំពាក្យបែបនេះ បន្ទាប់ពីក្រុម សមាជិកព្រឹទ្ធសភាអាមេរិក ចំនួន៣រូប បានស្នើច្បាប់ថ្មីមួយទាមទារ ឱ្យដោះលែងនិង ទម្លាក់ចោល ការចោទ ប្រកាន់ លើមេដឹកនាំអតីត គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំង ក្នុងលំនៅដ្ឋាននិង ខ្លះកំពុង និរទេសខ្លួននៅក្រៅប្រទេស។

យោងតាមការផ្សាយរបស់វិទ្យុ VOA បានឲ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិក បានធ្វើសេចក្តីស្នើច្បាប់ ស្តីពីការទទួលខុសត្រូវ របស់កម្ពុជា និងការវិលត្រឡប់វិញ នូវការ វិនិយោគឆ្នាំ២០១៩ (ហៅកាត់ថា CARI Act) ត្រូវបានស្នើឡើងវិញជាថ្មី ដោយសមាជិកព្រឹទ្ធសភា ចំនួន៣រូប ដែលមកពីគណបក្សទាំងពីរ គឺលោក លីនស៊ី ហ្ក្រែម (Lindsey Graham) លោក ឌីក ដឺប៊ីន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio )កាលពីសប្តាហ៍មុន។

សេចក្តីស្នើច្បាប់ CARI Act ទាមទារ ឱ្យ ដោះលែង លោកកឹម សុខា ពីការឃុំឃាំង ក្នុងលំនៅដ្ឋាន ដោយឥតលក្ខខណ្ឌ ទម្លាក់ចោល បទចោទប្រកាន់ព្រហ្មទណ្ឌនានា ប្រឆាំង នឹងលោកសម រង្ស៊ី និង អ្នកប្រឆាំង រដ្ឋាភិបាលជាច្រើនរូបទៀត ក្នុងនោះមានការទម្លាក់ ការចោទប្រកាន់ អតីតអ្នកសារព័ត៌មាន វិទ្យុ អាស៊ី សេរី ចំនួន ពីរនាក់ផងដែរ។

ដូចគ្នា នឹងសេចក្តី ស្នើច្បាប់ CARI Act ដែលបាន ស្នើឡើង កាលពីដើមឆ្នាំ ២០១៨ ដែរ គឺច្បាប់នេះ នឹងតម្រូវឱ្យបង្កកទ្រព្យសម្បត្តិ មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានទ្រព្យ ធនរក្សាទុកនៅសហរដ្ឋអាមេរិក និងក៏ទាមទារឱ្យសហរដ្ឋអាមេរិក ប្រឆាំងជំទាស់រាល់ប្រាក់កម្ចី ទៅប្រទេសកម្ពុជាផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃ ទី២២ ខែឧសភាថា ការស្នើច្បាប់ របស់សមាជិកព្រឹទ្ធសភាអាមេរិក ទាមទារឲ្យ មានដោះ លែងលោកកឹម សុខា និងទម្លាក់ចោល ការចោទប្រកាន់ លើក្រុមសមាជិកបក្សប្រឆាំង គឺគ្មានន័យចំពោះកម្ពុជាឡើយ ព្រោះថាអ្នកដែលស្នើនោះ គឺជាក្រុមប្រឆាំងតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ការស្នើនឹងបង្ហាញថា ក្រុមគេនឹងជាក្រុមតែមួយ ហើយជាមេខ្លោង នៃសកម្មភាពដែលតុលាការ ធ្វើការចោទប្រកាន់លើបទសង្ស័យ លើជនទាំងអស់នោះ»។
លោកបានបន្តថា ការស្នើច្បាប់របស់ សមាជិកព្រឹទ្ធសភាអាមេរិក ៣រូបនេះ គឺជាការបញ្ចេញយោបល់តែប៉ុណ្ណោះ ដែលមិនអាចរំខាន ឬរំលោភលើជ្រៀតជ្រែក លើអធិបតេយ្យ កម្ពុជាបានទេ។ ព្រោះថា ប្រជាពលរដ្ឋកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការគាំទ្ររាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលមានភារកិច្ច និងកាតព្វកិច្ចការពារនីតិរដ្ឋ ការពារស្ថាប័នប្រជាធិបតេយ្យ មាននីតិប្បញ្ញត្តិ នីតិប្រត្តិបត្តិ និងតុលាការ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេស ធ្វើភេរវកម្ម ឬប្រឆាំងនឹងផលប្រយោជន៍ សហរដ្ឋអាមេរិកនោះទេ ។ អ្វីដែលពូកគេស្នើសុំនោះ គឺជាមហិច្ឆតារបស់ក្រុមមនុស្ស២ ឬ៣នាក់នោះ។

លោកផៃ ស៊ីផាន ក៏បានហៅការស្នើច្បាប់ របស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក គឺជាការបញ្ចញមតិមួយតែប៉ុណ្ណោះ ដូច្នេះសេចក្តីស្នើនេះ មិនទាន់ចេញរូបរាង នៅឡើយទេ ។ លោកថា ទោះបីជាច្បាប់ចេញរូបរាងយ៉ាងណាក្តី មិនអាចរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាបានឡើយ។

លោកបញ្ជាក់ថា៖ «កម្ពុជាមិនស្ថិតនៅក្រុមប្រទេសអាយ៉ង របស់សហរដ្ឋអាមេរិកឡើយ»៕ដោយ៖ ស សំណាង

 

Facebook Comments

To Top