នយោបាយ

លិខិតមិត្តអ្នកអាន ៖ រឿងអាស្រូវ នយោបាយ នៅអូទ្រីសបញ្ជាក់ថា EU ពិតជាអយុត្តិធម៍ចំពោះកម្ពុជា !

អ្នកតាមដាន នយោបាយអន្តរជាតិ ពិតជាបានដឹង ហើយអំពីរឿងអាស្រូវ នយោបាយផ្ទុះឡើង នៅប្រទេសអូទ្រីសដែលជា សមាជិកសហភាពអឺរ៉ុប ។
រឿងអាស្រូវ នយោបាយមួយនេះ កំពុងក្លាយជាព្យុះសង្ឃរាបោក បក់ប្រទេសអូទ្រីស យ៉ាងពេញទំហឹង ហើយបាននិងកំពុងធ្វើឲ្យរង្គើពេញ សហភាពអឺរ៉ុបទាំង មូល ។ ដើម្បីយល់ថា តើរឿងអាស្រូវនៅអូទ្រីសអាចឆ្លុះបញ្ចាំងអ្វីខ្លះពីរឿងអាស្រូវ នយោបាយនៅកម្ពុជា?
ហើយតើជំហរ របស់សហភាពអឺរ៉ុប ចំពោះកម្ពុជា និងចំពោះរឿងដូចគ្នា ដែលកើតមាន នៅក្នុងប្រទេសសមាជិករបស់ខ្លួន ខុសគ្នាបែបណា?
ដើម្បីមើលធ្លុះបញ្ហានេះ ខ្ញុំសូម រម្លឹកសាច់រឿងអាស្រូវ នយោបាយដ៏ក្តៅគគុក នៅអូទ្រីសដូចខាងក្រោម៖
បញ្ហានេះបានផ្ទុះឡើងនៅ ថ្ងៃទី១៧ឧសភា២០១៩បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារពត៍មានអាល្លឺម៉ង់ ។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិ និយមជ្រុលនិងជាអនុអធិកាបតីអូទ្រីសបាន និយាយនៅពេលផឹកស៊ីស្រវឹង ទៅកាន់ស្ត្រីម្នាក់ ដែលអះអាងថា ខ្លួនជាមនុស្សស្និទនឹងអ្នកមានអំណាចនៅរុស្ស៊ី ។ មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះ ក៍បានសន្យាជាមួយស្ត្រីនោះ ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ី នៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែង អោយបក្សរបស់លោកបានឈ្នះឆ្នោត ។ មិនត្រឹមតែប៉ុណ្ណោះ មេបក្សរូបនេះក៍បានលើកឡើង អំពីយុទ្ធសាស្ត្រវាយលុកនិងគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មាន ដោយយកគំរូដូចនៅហុងគ្រី ។

ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជាអនុប្រធានបក្សស្តាំជាតិនិយមជ្រុល ក៏ត្រូវតែចុះចេញពីតំណែងផងដែរ ដើម្បីបើកផ្លូវឲ្យមានការ ស៊ើបអង្កេតលើសំណុំរឿង នេះឲ្យមានតម្លាភាព ។

ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅ
អ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយត្ន័និងកុំអោយលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប ។
រឿងឃុបឃិតជាមួយបរទេស ដើម្បីបើកដៃឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនគឺជា រឿងរសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។
នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយសម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេស ឲ្យជួយជ្រោមជ្រែងឲ្យខ្លួនឈ្នះឆ្នោត ជាថ្នូរនឹងការបើកឲ្យបរទេសនោះបោះទុន រកស៊ីនៅក្នុងស្រុកផងក៏ធ្វើឲ្យរំជើបរំជួលពេញ ពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ឥឡូវនេះយើងងាកមកប្រៀបធៀបនឹងរឿងអាស្រូវនយោបាយនៅកម្ពុជាវីញម្តង។
1. រដ្ធាភិបាលលោកហ៊ុន សែនអត់មានបានបញ្ជាអោយទៅលួចថត ការនិយាយរបស់កឹម សុខាទេហើយពេលលោកកឹម សុខាឈរនិយាយក៍អត់មានផឹកស្រវឹង ដូចករណីអាស្រូវនៅអូទ្រីសដែរ ។
2. ការបែកធ្លាយវិដេអូអួតអាងសារភាពរបស់លោកកឹម សុខាប្រកាសក្តែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួន បានទទួលការហ្វឹកហាត់ពី បរទេសអស់ជាច្រើនឆ្នាំដើម្បីរៀបចំផែនការធ្វើបដិវត្តន៍ ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរបៀបនៅអតីប្រទេស សែរប៊ីនិង យូហ្កូស្លាវីក៍ដោយសារទូរទស្សន៍អនឡាញ CBN នៅប្រទេសអូស្ត្រាលី មិនមែនបណ្តាញផ្សព្វ្សាយ ពត៍មានរបស់រដ្ធាភិបាល លោកហ៊ុន សែន នោះដែរ។ តើត្រូវគេចាត់ទុកជាអ្វីដែរ?

ដូច្នេះ ខ្ញុំយល់ថា ទំហំនៃទោស កំហុសរបស់កឹម សុខានេះពិតជាត្រឹមត្រូវនិងសមណាស់ដែល រដ្ធអំណាចត្រូវតែវាយខ្នោះទាំង
កណ្តាលយប់អាធ្រាត ពីព្រោះវាជារឿងធំមហិមារ ។

រឿងរ៉ាវដែលកើតឡើងនៅអូទ្រីស នៅពេលនេះក៏ជាកញ្ចក់ ឆ្លុះបញ្ចាំងឲ្យឃើញថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ពិតជាត្រឹមត្រូវហើយគ្មានប្រទេស ណាមួយគេអាច អនុគ្រោះដល់អ្នកនយោបាយដែលលក់ក្បាល ឲ្យបរទេសដើម្បីបើកដៃឲ្យបរទេសបំផ្លាញប្រទេសខ្លួនឯង នោះឡើយ ។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា សហភាពអឺរ៉ុបបែរជាខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែល មានចារឹកជាការក្បត់ជាតិដ៏ធំនេះហើយងាកមកដាក់កំហុស លើ រដ្ឋាភិបាលដែលគ្រាន់តែចាត់ វិធានការដើម្បីការពាររដ្ធធម្នុញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួនហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោសអ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ។
ទេវតារក្សាទ្វីបលោកនេះពិតជាចង់ផ្តល់កិច្ចគាំពារដល់កម្ពុជាហើយទើបបានជាធ្វើឲ្យមានរឿងអាស្រូវនេះចំបេះដូងអឺរ៉ុបតែម្តងខណៈដែលសហភាពអឺរ៉ុបកំពុងគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ នេះហើយដែលគេហៅថា តម្រិះជិះកឯង។

តើអឺរ៉ុបដែលអួតថាជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្ស និងជាអ្នកស្រឡាញ់យុត្តិធម៌នោះ មានអ្វីមកបង្ហាញជាគំរូដល់ប្រទេសក្រីក្រតូចតាចដូចកម្ពុជា? តើសហភាពអឺរ៉ុបមានស្តង់ដារ ប៉ុន្មាន? សហរដ្ឋអាមេរិកវិញក៏ មិនខុសគ្នាដែរ។ មហាអំណាចលោកខាងលិច មួយនេះក៏បានស្រែករិះគន់កម្ពុជា និងកំពុងគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជាដែរដោយ សារចំណាត់ការរបស់រដ្ឋាភិបាលរបស់លោកហ៊ុន សែនទៅលើ មេបក្ស្រឆាំងនិងអតីតអង្គការចាត់តាំង នយោបាយ ដែលបានឃុបឃិតជាមួយបរទេស ខណៈដែលប្រទេសរបស់ខ្លួន បាននិងកំពុងបន្តចាត់ វិធានការក្តៅគគុក ចំពោះសំណុំរឿង អ្នកនយោបាយឃុបឃិតជាមួយបរទេស(រុស្ស៊ី)។

ដូច្នេះ ពីអំណឹះតទៅ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិកពិតជាមិនអាចមានពាក្យអ្វីមក និយាយជាមួយកម្ពុជាទៀតបានឡើយប្រសិន បើពួកគេជាអ្នកថ្លៃថ្នូរនិងចេះអៀនខ្មាស។ ការប្រើប្រាស់ស្តង់ដារពីរមិនមែនជាគំរូល្អ ដែលត្រូវបង្ហាញដល់អ្នកដទៃឡើយ។ ហើយការបន្ត នយោបាយស្តង់ដារពីរនេះ «Deux poids Deux Mesures រឺ Double Standards » ទៀតសោតនឹងធ្វើឲ្យអានុភាពរបស់ មហាអំណាចលោកខាងលិចធ្លាក់ចុះខ្សោយ ជាបន្តបន្ទាប់ នៅចំពោះមុខប្រទេសតូចតាច និងក្រីក្រ។ ភាពអយុត្តធម៍របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះកម្ពុជាល្មមដល់ពេលបិទបញ្ចប់ ហើយប្រសិនបើមហាអណាចលោកខាងលិច ចង់រក្សាភាពជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្សតទៅទៀត។
នេះជាសារដ៏សំខាន់មួយដែលស្តែងចេញពីរឿងអាស្រូវនយោបាយនៅអូទ្រីស ។ សារសំខាន់ម្យ៉ាងទៀតគឺអ្នកនយោបាយ ដែលលក់ក្បាលឲ្យបរទេស ដើម្បីបំផ្លាញជាតិខ្លួនឯងគឺ ជាកំហុសធ្ងន់ប៉ុនមហាមេឃ ដែលគ្មានប្រទេសណាទទួលយក បានឡើយរាប់ទាំងប្រទេស ដែលមានអំនួតថា ជាបិតាប្រជាធិបតេយ្យទាំងឡាយផង។

ដូច្នេះ លោកបណ្ឌិត អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានលម្អៀងទាំងឡាយ គួរល្មមភ្លឺភ្នែកហើយចំពោះសំណុំរឿងឃុបឃិតជា មួយបរទេស ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

To Top