អន្តរជាតិ

បណ្ដាញឃោសនា កូរ៉េខាងជើង រិះគន់កូរ៉េខាងត្បូង ជុំវិញកិច្ចចរចាក្រុមការងារ ជាមួយអាមេរិក

សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានវាយប្រហារកូរ៉េខាងត្បូង ជុំវិញកិច្ចចរចា “ក្រុមការងារ” នាពេលថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ដោយជំរុញ ឱ្យទីក្រុងសេអ៊ូល ដកចេញពី “គោលនយោបាយ នៃការពឹងផ្អែកលើកម្លាំងបរទេស” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

ដោយសំដៅទៅសម័យប្រជុំ រវាងសម្ព័ន្ធមិត្តនៅសេអ៊ូល កាលពីដើមខែនេះ បណ្ដាញឃោសនា Uriminzokkiri ដែលជាគេហទំព័រឃោសនាមួយ របស់កូរ៉េខាងជើង បានឲ្យដឹងថា ទំនាក់ទំនងអន្តរកូរ៉េ នឹងឈានដល់ “ការបំផ្លិចបំផ្លាញ” ប្រសិនបើកូរ៉េទាំងពីរ ងាកចេញពី គោលការណ៍ឯករាជ្យជាតិ។

អត្ថបទមួយបានចុះផ្សាយថា “ការពិតដែលថា អាជ្ញាធរកូរ៉េខាងត្បូងថ្មីៗនេះ បានរៀបចំកិច្ចចរចាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា ពួកគេកំពុងមានកិច្ចប្រជុំក្រុមការងារ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបង្ហាញថា ពួកគេមិនទាន់ដាច់ចេញ ពីគោលនយោបាយ នៃការពឹងផ្អែក លើកងកម្លាំងបរទេស”៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top