នយោបាយ

រាជរដ្ឋាភិបាល ថ្លែងអំណរគុណ ប្រធានាធិបតីចិន ដែលប្រារព្ធព្រះរាជពីធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះមហាក្សត្រ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងអំណរគុណទៅដល់ លោក ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន ស៊ី ជីងពីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម នាពេលថ្មីៗនេះថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខរដ្ឋ។

លោក ស៊ី ជិនពីង បានរៀបចំពិធី ចម្រើនព្រះជន្មាយុ ថ្វាយព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នារាត្រី ទី១៤ ខែឧសភា ឆ្នាំ២០១៩ នាវិមាហសភាប្រជាជនចិន។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “សូមគោរពថ្លែងអំណរគុណ ដល់ប្រជាជន និងឯកឧត្តមប្រធានាធិបតីនៃ សាធារណៈរដ្ឋប្រជាមានិតចិន ស៊ី ជីងពីង ដែលបានប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្មនាពេលថ្មីៗនេះថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខរដ្ឋ ។ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជាការបញ្ជាក់សាជាថ្មីនូវភាពរឹងមាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋប្រជាមានិតចិនយ៉ាងជិតស្និទ្ធ ដែលពុំអាចបំបែកបានឡើយ”។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏រំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល បានទទួលមហាកិត្តិយស ពីឱកាសនៃ ការប្រារព្ធអបអរសាទរថ្ងៃកំណើតរបស់ សម្ដេច ដែលរៀបចំដោយ លោកនាយករដ្ឋមន្រ្ដីជប៉ុន ស៊ីន ហ្ស៊ូអាបេ (Shinzo Abe) កាលពីឆ្នាំ២០១៧ នៅទីក្រុងតូក្យូ។ សម្ដេចតេជោ ក៏បានលើកឡើងនៅក្នុងពិធីខួបកំណើតនោះថា “ខ្ញុំនឹងមិនអាចភ្លេច ថ្ងៃដ៏ស្រស់បវរនេះបានឡើយ”។

អ្នកនាំពាក្យ សូមគោរពដល់ជនរួមជាតិទាំងអស់ជាទីមេត្រី អំពីដំណើរការនយោបាយការបរទេសរបស់កម្ពុជា ដែលបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនយកប្រជាជាតិណាមួយជាសត្រូវ ក៏ប៉ុន្ដែចាត់ទុកប្រជាជាតិទាំងនោះជាដៃគូទៅវិញ ដើម្បីបន្ដរក្សាបានសន្ដិភាព ស្ថិរភាព និងការរីកចម្រើន។

កម្ពុជាបាននឹងកំពុងដើរតួយ៉ាងសំខាន់បំផុត ក្នុងកិច្ចចូលរួមរក្សាសន្ដិភាព និងកិច្ចពិភាក្សាផ្សេងៗនៅក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដើម្បីបញ្ចៀសបញ្ហាប្រឈម ឬវិវាទនានា។ កម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នាំមុខដោយ ប្រធានាធិបតីចិន ស៊ី ជីងពីង ។ កម្ពុជាដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ក៏បានជួយគាំទ្រ “យុទ្ធសាស្រ្ដសេរី និងចំហ ឥណ្ឌូ-ប៉ាស៊ីហ្វិក” នាំមុខដោយមិត្តជប៉ុនផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សាជាថ្មីថា គោលជំហរដូចបានជម្រាបជូនខាងលើ គឺជានយោបាយការបរទេសកម្ពុជា ដើម្បីបន្ដរក្សាឱ្យមាន សម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍ទាំងអស់ ដោយមិនរើសអើងពណ៌សម្បុរ នយោបាយ ដើម្បីឱ្យកម្ពុជាទទួលបានផល ប្រយោជន៍ពីភូមិសាស្រ្ដសេដ្ឋកិច្ច៕

ដោយ ៖ អេង ប៊ូឆេង

To Top