នយោបាយ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសប្រាប់ កសិករនៅក្នុងប្រទេសថា រដូវធ្វើស្រែចម្ការ មកដល់ហើយ

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ រោច ខែពិសាខ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណី ទំនៀមទម្លាប់មួយ និងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករខ្មែរ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំ ដាំដុះផ្សេងៗ។

ព្រះ រាជ ពិធី ច្រត់ ព្រះ នង្គ័ល បាន ចាក់ ឫស យ៉ាង ជ្រៅ ក្នុង ទំនៀម ទម្លាប់ ខ្មែរ បើតាម ប្រវត្តិសាស្ត្រ និង ចម្លាក់ នានា។ បើទោះបីជាមិន មាន ឯកសារ ណា បញ្ជាក់ ច្បាស់ ពី ប្រវត្តិ នៃ ព្រះ រាជពិធី ច្រត់ ព្រះ នង្គ័ល នេះក្តី ក៏ ប្រភព មួយ ចំនួន បង្ហាញ ថា ព្រះរាជពិធីនេះ មាន លក្ខណៈ ព្រហ្មញ្ញ សាសនា ផង និងពុទ្ធសាសនា ផង។

ចូល មក ដល់ សម័យ សង្គមរាស្ត្រនិយម ពិធី មួយ នេះ បាន ប្រារព្ធ ឡើង ជា ប្រចាំ ប៉ុន្តែ ត្រូវ អាក់ ខាន ទៅ វិញ នៅ សម័យ សាធារណរដ្ឋ ខ្មែរ រហូតដល់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានរៀបចំ ព្រះរាជ ពិធី ច្រត់ ព្រះ នង្គ័ល នេះ ឲ្យ មាន វត្តមាន ជា ថ្មី នៅ ឆ្នាំ ១៩៩៤ និង បន្ត រហូត មក ដល់ សព្វ ថ្ងៃ នេះ។

ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និង គ្រាប់ពូជដំណាំផ្សេងៗ គោ ក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។

កសិករមួយរូប ដែលរស់នៅព្រែកជ្រូក ស្រុកពារាំង ខេត្តព្រៃវែង លោក ហួត ចន្ថា បានឱ្យដឹងថា៖ « ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពិតជាបានឱ្យយើងជាកសិករដឹងថា ការចាប់ផ្តើមធ្វើស្រែចម្ការមកដល់ហើយ ដូចនេះឱ្យតែចំពេលនេះ យើងតែងត្រៀម ទុកដាក់ ឱ្យរួចរាល់ នូវគ្រាប់ពូជស្រូវ គោក្របី សម្រាប់ដាស់ដីធ្វើស្រែ ចៀសវាងការខាតបង់ប្រាក់កាសដែលយើងមិនដឹងជាមុននោះ »។

ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជា ក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើក ទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជា រោងចក្រ សហគ្រាស ទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែន ប៉ុន្តែវិស័យ កសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានបន្តរួមចំណែក ប្រមាណជា ៤០ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប។

លោក ហួត ចន្ថា បាននិយាយបន្តថា ទោះបីជាសព្វថ្ងៃយើងដឹងអំពីអាកាសធាតុតាមរយៈការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមទូរទស្សន៍ និងកាសែតនានា ជាពិសេសបរិមាណទឹកភ្លៀង ក្នុងការធ្វើស្រែ តែយ៉ាងណាក៏ដោយ ក៏យើងនៅតែ តាមដានការផ្សងតាមរយៈ ការបរិភោគអាហារទាំងប្រាំពីរមុខ របស់គោឧសភរាជ ដើម្បីយើងធ្វើការដាំដុះដំណាំ ទៅតាមអ្វីដែល គោឧសភរាជបានបរិភោគ។

លោកបានបញ្ជាក់ថា វិទ្យាស្រាស្តរីកចម្រើន ហើយឧត្តុនិយមក៏ព្យាករណ៍កាន់តែសុក្រឹត តែលោកក៏នៅតែមានជំនឿលើពិធីនេះ ហើយតែងតែអនុវត្តការងារស្រែចម្ការរបស់លោកតាមទំនាយនៅក្នុងពិធីនេះជាដរាបមក។

កំពុងអង្គុយអុំស្រូវ ក្នុងផ្ទះដែលស្ថិតនៅក្នុងភូមិជ្រោយជ្រែ ស្រុកពារាំង ខេត្តព្រៃវែង ដដែល កសិករម្នាក់ទៀត លោក ចិត្ត លាក់ បាននិយាយថា៖ «ខ្ញុំអាចដឹងថារដូវវស្សាមកដល់នៅពេល ដែលគេប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល។ បន្ទាប់ពីពិធីនេះទៅ ខ្ញុំនឹងចាប់ផ្តើមទឹមគោដាស់ដីដើម្បីធ្វើស្រែវស្សាហើយ ព្រោះភ្លៀងនឹងធ្លាក់មកជាមិនខាន »។

កសិករវ័យជាង ២០ឆ្នាំ រូបនេះ បន្តថា តាមចំណាំឱ្យតែដល់ពេលគេប្រារព្ធពិធីច្រត់ព្រះនង្គ័ល នោះ គឺភ្លៀងនឹងធ្លាក់មកដែរ នោះយើងជាអ្នកស្រែចម្ការនឹងទឹមគោ ក្របី ហើយឥឡូវនេះវាទំនើប គឺកាន់តែគោយន្តទៅកាន់វាលស្រែដើម្បីដាស់ដី ធ្វើស្រែវស្សាបានហើយ ។

« បើតាមខ្ញុំចំណាំបាន តៗពីម្តាយឪពុកមក គឺបើកាលណាគេច្រត់ព្រះន័ង្គលហើយ យើងទៅភ្ជួរស្រែ ដាស់ដី បាចជី សម្រាប់ ធ្វើស្រែវស្សាភ្លាម ព្រោះរំលងប្រហែលពីមួយទៅពីរ អាទិត្យ មេឃនឹងធ្លាក់ភ្លៀងជាបន្តបន្ទាប់ហើយ ដូច្នេះសំណាបនឹងដុះល្អ » នេះបើតាមលោក ចិត្ត លាក់ បានបញ្ជាក់បន្ថែម។

អ្នកស្រី ចិត្ត ភត្រ្ត កសិករមានវ័យជាង ៤០ឆ្នាំ បាននិយាយថា មុននឹងលោកស្រី និងគ្រួសារធ្វើស្រែ ជាទូទៅ លោកស្រីច្រើន តាមដានទៅលើការផ្សងក្នុងពិធីច្រត់ព្រះនង្គ័ល។

លោកស្រីបានបញ្ជាក់ថា « បើគោ (គោឧសភរាជ) ស៊ីស្រូវ នោះយើងធ្វើស្រែច្បាស់ជាបានផលច្រើនជាមិនខាន បើតាម ជំនឿតៗ ពីដូនតាមក គាត់ឱ្យយើងមើលលើគោស៊ីអ្វី និងផឹកអ្វីច្រើន។ បើយើងដឹងច្បាស់ យើងធ្វើស្រែចុះ មិនខុសទេក្នុងឆ្នាំហ្នឹង » ។

នៅក្នុង រឿង រាមកេរ្តិ៍ នៅ ក្នុង ព្រហ្មញ្ញ សាសនា ត្រង់ឈុត មួយ ដែល និយាយ ពី ព្រះ រាជពិធី ច្រត់ ព្រះ នង្គ័ល គឺ ត្រង់ ព្រះ រាម ទៅ ច្រត់ ព្រះនង្គ័ល រក នាង សេដា ដែល គេ ផ្ញើ នឹង ព្រះធរណី នៅ ក្នុង ដី។ ចំណែក នៅ ក្នុង ព្រះ ពុទ្ធសាសនា វិញ គឺ ត្រង់ កន្លែង មួយ ព្រះពុទ្ធអង្គ ប្រសូត មក មាន ពិធី ច្រត់ នង្គ័ល គេ យក ព្រះ អង្គ ទៅ ចូល រួម ដែរ ហើយ ពេល នោះ ព្រះ អង្គ ពិចារណា រឿង គោ ដែល ហត់ នឿយ ក្នុង ការ ភ្ជួរ ស្រែ។
តាមការកត់ត្រាកន្លងមក បានឲ្យដឹងថា អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន០៤ចំណុចសំខាន់ៗ ដែល នៅក្នុងនោះទី ១. ប្រាប់ កសិករ ថា ដល់ រដូវ ធ្វើ ស្រែ ហើយ ទី២. ផ្សង ការ បរិភោគ របស់ គោ ឧសភរាជ និង ការ បួង សួង សុំ ទឹក ភ្លៀង និង ទិន្នផល ដំណាំ ទី៣. ការ ដឹង គុណ សំដៅ ដល់ ការ ដឹង គុណ របស់ ប្រជានុរាស្ត្រ ចំពោះ អាទិទេព ក៏ ដូចជា មេឃ ដែល បាន បង្អុរ ភ្លៀង និងទី ៤. គេ ជឿ ជាក់ ថា ស្ដេច មេឃ គឺ ជា មនុស្ស ដែល មាន ឥទ្ធិពល លើ ការ គ្រប់គ្រង ឬ បញ្ជា ធរណី និង មេឃ បាន ។

សម្រាប់ឆ្នាំនេះ តាមការគ្រោងទុក ព្រះរាជពិធីនេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
(អត្ថបទ៖ AKP)

To Top