អន្តរជាតិ

កូរ៉េខាងត្បូង ព្យាយាមជួយកូរ៉េខាងជើង ដោយបរិច្ចាគប្រាក់ ៨លានដុល្លារ សម្រាប់គម្រោងជំនួយដល់ក្រុងព្យុងយ៉ាង

សេអ៊ូល៖ កូរ៉េខាងត្បូង បានសម្រេចបរិច្ចាគថវិកាចំនួន ៨ លានដុល្លារដល់ទីភ្នាក់ងារអន្ដរជាតិ សម្រាប់គម្រោងជំនួយ ក្នុងប្រទេសកូរ៉េខាងជើង និងអនុញ្ញាតឱ្យ ក្រុមពាណិជ្ជករមួយក្រុម ទៅទស្សនាតំបន់ ឧស្សាហកម្មរួមគ្នា ដែលត្រូវបានបិទ មួយកន្លែងក្នុងប្រទេសកុម្មុយនិស្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ។

ការសម្រេចចិត្តបានធ្វើឡើង នៅពេលក្រុងសេអ៊ូល បានព្យាយាមរក្សាដំណើរការ សន្តិភាពជាមួយកូរ៉េខាងជើង ដែលនៅរស់រាន ទោះបីជាកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល កាលពីដើមខែនេះក៏ដោយ។ ហើយក្រុងសេអ៊ូល ក៏កំពុងរៀបចំផែនការ ដើម្បីបញ្ជូនជំនួយស្បៀងអាហារ ទៅកាន់ប្រទេសកូរ៉េខាងជើង ផងដែរ ។

ក្រសួងបង្រួបបង្រួម បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា “រដ្ឋាភិបាលបានសម្រេច យល់ព្រមលើដំណើរទស្សនកិច្ច របស់អ្នកជំនួញ ទៅប្រទេសកូរ៉េខាងជើង ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ សិទ្ធិកម្មសិទ្ធិ របស់ពួកគេ យើងនឹងខិតខំប្រឹងប្រែង ដើម្បីធ្វើដំណើរ ទៅកាន់តំបន់ឧស្សាហកម្ម Kaesong ដោយរលូនដោយគ្មានបញ្ហាអ្វីនោះទេ ” ៕

ដោយ ឈូក បូរ៉ា

To Top