អន្តរជាតិ

លោក ត្រាំ និងអារ៉ាប៊ីសាអូឌីត ព្រមានអ៊ីរ៉ង់អំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា

បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញនូវការគម្រាមកំហែងថ្មី ចំពោះទីក្រុងតេអេរ៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយបង្ហោះសារមួយថា ជម្លោះនឹងជាទីបញ្ចប់ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលអារ៉ាប៊ីសាអូឌីត បានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការឆ្លើយតប ដោយប្រើកម្លាំងទាំងអស់ និងថាវាអាស្រ័យលើអ៊ីរ៉ង់ ដើម្បីគេចពីសង្គ្រាម ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បាននិយាយក្នុងសារធ្វីតធើមួយដោយមិនផ្តល់សេចក្តីលម្អិតថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ចង់ប្រយុទ្ធគ្នា នោះនឹងជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់។ ចូរកុំគម្រាមកំហែងសហរដ្ឋអាមេរិកជាថ្មីម្តងទៀតឡើយ” ។

គួរបញ្ជាក់ថា កំណើនជម្លោះវោហារសាស្ត្រនេះ កើតមានបន្ទាប់ពីមានការវាយប្រហារមួយកាលពីសប្ដាហ៍មុន ទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុង “តំបន់បៃតង” របស់ទីក្រុងបាដាដ ជាទីមានអគាររដ្ឋាភិបាលនិងស្ថានទូតបរទេស”៕
ប្រែសម្រួល៖ប៉ាង កុង

To Top