ព័ត៌មានជាតិ

ពិធីបើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សាថ្មី២០១៩-២០២០

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល ព្រះអនុប្រធានទី៣ ថេរសភា នៃព្រះ ពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គារធិការរង ពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និមន្ត ជាអធិបតីក្នុងពិធីបើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សាថ្មី២០១៩-២០២០ ដោយមានការអញ្ជើញចូលរួមលោក នៃ ចារី អភិបាលរងខេត្ត និងលោកស្រី ព្រះបាឡាត់គណខេត្ត មន្ត្រី សង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្ស និងប្រជាពលរដ្ឋជាច្រើនអង្គនាក់ផងដែរ ។

មានសង្ឃដីកាក្នុងពិធីបើកបវេសនកាល សម្តេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល្ល សម្ដេចបានណែនាំ ដល់សមណសិស្សទាំងអស់ ត្រូវស្រឡាញ់ ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិលច្រអូស ត្រូវឧស្សាព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តី ប្រាថ្នាចង់ចេះចង់ដឹង និងទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត បានអំពាវនាវដល់ អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ជួយបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ និងបានអំពាវនាវដល់ ញាតិញោមពុទ្ធបរិស័ទទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់ ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ នូវជាអ្វីគ្រប់បែបយ៉ាង ដែលអាចមានលទ្ធភាព និងធ្វើទៅបាន ដើម្បីឲ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ហើយនេះក៏ជាការឧបត្ថម្ភទៅដល់កូនកសិករ ខ្វះខាតដែល លោកបានបួស និងមករៀនដើម្បីឲ្យមានសមត្ថភាព មានចំណេះដឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្ត បានឲ្យដឹងថាជាទិសដៅរបស់សាលា ចង់ឲ្យសមណសិស្សទាំងអស់ ទទួលបានចំណេះដឹងល្អ និងច្បាស់លាស់ ដោយពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហាបានអញ្ជើញគ្រូ ដែលមានបទពិសោធន៍ច្រើន ពិសេសគ្រូដែលចូលនិវត្តន៏ និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ដើម្បីបង្រៀនដល់សមណសិស្ស ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យបន្តថា សម្រាប់សមណសិស្សទាំងអស់នៅសាលាពុទ្ធិកវិទ្យាល័យនេះ សុទ្ធតែប្រលងជាប់ នៅក្រសួង ធម្មការ និងសាសនាទើបអាចមករៀនសាលានេះបាន ហើយគណៈគ្រប់គ្រងសាលាគឺមិនអនុញ្ញាតឲ្យមានការសុំផ្ញើ ឬសុំនៅរៀន។ ហើយសមណសិស្សទាំងអស់ ឆាន់រួមនៅ នៅវត្តតែម្ដង ដោយមិនឱ្យសមណសិស្សទាំងអស់មានការខ្វាយខ្វល់ពីចង្ហាន់និងមានស្មារតីក្នុងការសិក្សារៀនសូត្រ នឹងទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ដោយនេះជាបន្ទុករបស់ចៅអធិការវត្ត។
សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំសិក្សា២០១៩-២០២០ មានសមណសិស្សសរុបចំនួន២៧៤អង្គ។

Facebook Comments

To Top