ព័ត៌មានជាតិ

អង្គការ WCS និងរដ្ឋបាលជលផល គ្រោងលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ២០០ក្បាល ចូលទន្លេមេគង្គ

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហកាជាមួយរដ្ឋបាលជលផលកម្ពុជា គ្រោងនឹងលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ចំនួន ២០០ក្បាល ចូលទៅក្នុងទន្លេមេគង្គ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ នៅកោះពែង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

យោងតាមសេចក្ដីជូនដំណឹង របស់អង្គការ WCS នៅថ្ងៃទី២០ ឧសភានេះ បានឲ្យដឹងថា បច្ចុប្បន្នកន្ធាយក្បាលកង្កែប ឬល្មិច (ដែលតាមឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ ដោយសារកត្តាកំរាមកំហែងពីមនុស្ស និងធម្មជាតិ ។

កន្ធាយក្បាលកង្កែបនេះ ត្រូវបានក្រុមអភិរក្ស​ ស្រាវជ្រាវរកឃើញ សារជាថ្មីក្នុងកំឡុងឆ្នាំ២០០៧ នៅតាមបណ្ដោយទន្លេមេគង្គ ចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ។

អង្គការ WCS បញ្ជាក់ថា ដើម្បីទប់ស្កាត់ការបរបាញ់ និងការជួញដូរគ្រប់រូបភាព អង្គការ WCS និងរដ្ឋបាលជលផលកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិរក្សកន្ធាយក្បាលកង្កែបនេះ កុំឲ្យផុតពូជ តាមរយៈកម្មវិធីការពារសំបុក ការតាមដានមើលការអនុវត្តច្បាប់ ការអប់រំ និងផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ ក្រុមអ្នកនេសាទ និងសិស្សានុសិស្សនៅក្នុងតំបន់ ៕

To Top