អន្តរជាតិ

អាមេរិក នឹងជំរុញ ឲ្យមានការវិនិយោគ នៅតំបន់ប៉ាឡេស្ទីន ជាផ្នែកដំបូង នៃផែនការសន្តិភាព

បរទេស ៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយ នៅថ្ងៃអាទិត្យថា សេតវិមាននឹងបង្ហាញ ផ្នែកដំបូងនៃផែនការសន្តិភាពអ៊ីស្រាអែល -ប៉ាឡេស្ទីន របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលប្រារព្ធធ្វើសន្និសីទអន្តរជាតិមួយ ក្នុងប្រទេសបារ៉ែន នាចុងខែមិថុនា ដើម្បីជំរុញឲ្យមានការវិនិយោគ នៅក្នុងតំបន់ West Bank និងតំបន់ ហ្គាហ្សាស្ទ្រីប ។

មន្ត្រីអាមេរិករូបនោះបានបន្តទៀតថា វេទិកាសេដ្ឋកិច្ចនោះ នឹងនាំមកជុំគ្នានូវមន្ត្រីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំពាណិជ្ជកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីចាប់ផ្តើមចំណែកសេដ្ឋកិច្ចនៃគោលគំនិតសនិ្តភាព ដែលក៏ត្រូវគេរំពឹងផងដែរថា នឹងរួមមានទាំងសំណើឲ្យមានដំណោះស្រាយ ចំពោះបញ្ហានយោបាយធ្ងន់ធ្ងរ នៅក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា លោក ត្រាំ បានចាត់ទុកផែនការនាពេលអនាគតនោះ ថាជាកិច្ចព្រមព្រៀងប្រចាំសតវត្ស ប៉ុន្តែមន្ត្រីប៉ាឡេស្ទីន បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដែលពួកគេជឿថា នឹងមានការលម្អៀងដ៏ធ្ងន់ធ្ងរ អនុគ្រោះដល់អ៊ីស្រាអែល៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top