អន្តរជាតិ

Samsung វិនិយោគជាង ១៤ពាន់លានដុល្លារ នៅរោងចក្រផលិត បន្ទះឈីបនៅចិន

XI’AN -៖ប្រភពព័ត៌មានពីក្រុមហ៊ុន Samsung China Semiconductor Co Ltd បាននិយាយថា ការវិនិយោគសរុប របស់ក្រុមហ៊ុន Samsung នៅក្នុងដំណាក់កាលទី២ នៃរោងចក្រផលិតបន្ទះឈីបរបស់ខ្លួននៅក្នុងទីក្រុងស៊ីអាន ដែលជារដ្ឋធានីនៃខេត្ត Shaanxi ភាគពាយព្យប្រទេសចិន នឹងមានចំនួនលើសពី ១៤ពាន់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។

ការសាងសង់ដំណាក់កាលទី២ នៃរោងចក្រផលិតបន្ទះឈីប របស់ក្រុមហ៊ុន Samsung នៅក្នុងទីក្រុងស៊ីអាន បានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០១៨ ហើយនឹងត្រូវបានបញ្ចប់នៅក្នុងខែកក្កដា។ ក្រុមហ៊ុននេះរំពឹងថា នឹងចាប់ផ្តើមផលិតកម្មធំៗ នៅត្រីមាសទី១ ឆ្នាំ២០២០។

លោក Hyunki Ji អនុប្រធានក្រុមហ៊ុន Samsung China Semiconductor Co Ltd បាននិយាយថាគម្រោងរោងចក្រផលិតបន្ទះឈីបនេះមាន២ដំណាក់កាល។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុនបានបណ្តាក់ទុនសរុបចំនួន៧ពាន់លានដុល្លារ។

ទោះបីជាផែនការលម្អិត នៃដំណាក់កាលទីពីរ មិនត្រូវបានដាក់ចេញក៏ដោយការធ្វើវិនិយោគទុន ត្រូវបានប៉ាន់ប្រមាណថា មានលើសពី៧ពាន់លានដុល្លារ។
បើយោងតាម Hyunki Ji ថា ការវិនិយោគនៅដំណាក់កាលទីពីរនៃគម្រោងរោងចក្រផលិតបន្ទះឈីបឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុន Samsung នៅក្នុងសេដ្ឋកិច្ចចិន។ ក្រុមហ៊ុន Samsung បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលខេត្ត Shaanxi កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាប់ផ្តើមដំណាក់កាលទី២នៃរោងចក្រផលិតបន្ទះឈីបដើម្បីពង្រីកសមត្ថភាពផលិតកម្ម។

ដំណាក់កាលទីមួយនៃរោងចក្រនៅតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាស៊ីអានបានចាប់ផ្តើមប្រតិបត្តិការនៅខែឧសភា ឆ្នាំ២០១៤ ដោយមានទុនសរុបចំនួន១០ពាន់លានដុល្លារ៕
ដោយ៖លី ភីលីព

To Top