កីឡា

ភ្ញាក់ផ្អើល! កីឡាករខ្មែរ-អាមេរិក អេរីក ប៉ែន ផ្ដួលជើងខ្លាំងឥណ្ឌូនេស៊ី ឈ្នះខ្សែក្រវាត់ WBA ត្រឹមទឹកទី១

វៀតណាម ៖ កីឡាករប្រដាល់សកលខ្មែរ-អាមេរិក អេរីក ប៉ែន ភារុន បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគេបានបង្ហាញខ្លួនលើសង្វៀន WBA Asia South ក្នុងនាមកីឡាករកម្ពុជា ហើយបានផ្ដួលកីឡាករ Satria Antasena របស់ឥណ្ឌូនេស៊ីឲ្យសន្លប់ត្រឹមទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់ WBA Asia នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍កន្លងទៅ ។

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកម្ពុជា ដែលស្ងាត់ៗ ស្រាប់តែមានកីឡាករប្រដាល់សកល ជើងខ្លាំងកម្ពុជាមួយរូប បង្ហាញភាពអស្ចារ្យលើសង្វៀនអន្ដរជាតិ ពិសេសសង្វៀនរបស់ស្ថាប័ន WBA Asia South ក្នុងនាមកីឡាករកម្ពុជា ដែលធ្វើឲ្យអន្ដរជាតិ ស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៏កោតសរសើរ ចំពោះសមត្ថភាពរបស់ អេរីក ប៉ែន ផងដែរ ដ្បិតនេះទើបជាលើកទី៣ ដែលរូបគេបានចូលរួមប្រកួតលើសង្វៀនដូច្នេះ ។

សូមបញ្ជាក់ថា អេរីក ប៉ែន មានឪពុកម្តាយជាខ្មែរសុទ្ធ ដែលជាអ្នកខេត្តកំពត ប៉ុន្ដែរូបគេបានចាប់កំណើត និងធំដឹងក្ដី នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ អេរីក ប៉ែន បានចាប់ផ្ដើមហ្វឹកហាត់ប្រដាល់សកលដំបូង កាលពីឆ្នាំ២០១៤ បន្ទាប់មកទើបវិវត្តន៍ខ្លួនបន្ដិចម្ដងៗ រហូតក្លាយជាកីឡាករអាជីព កាលពីឆ្នាំ២០១៨ ។ មកទល់ពេលនេះ គេបានឡើងសង្វៀនប្រកួតលក្ខណៈអាជីព ៣ដង ហើយសុទ្ធតែផ្ដួលគូប្រកួតឲ្យសន្លប់ទាំងអស់ ៕

To Top