ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទដៃ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ទៀង ច័ន្ទសារ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចច្រកចូលប្លុកអ្នកតាចិន ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

លោកអធិការបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថេន សៀក មុខរបរលក់នំបុ័ង មានទីលំនៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករារាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ទីវ សុរិយា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង អូរអេស៊ិស មានទីតាំងផ្ទះលេខ៣Eo ផ្លូវ១៣៦ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលថ្ងៃទី៤ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះ បានយកទូរស័ព្ទដៃ ម៉ាកអាយហ្វូនX យកទៅបញ្វូលថ្ម នៅលើតុគិតលុយ ស្រាប់តែជនសង្ស័យខាងលើ បានចូលលួចយកទូរស័ព្ទដៃ ម៉ាកiphone xនោះ បានសំរេចគេចខ្លួនបាត់តែម្តង ។ ក្រោយមកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ សហការជាមួយជនរងគ្រោះ ពិនិត្យកាម៉េរ៉ាសុវត្ថិភាព និងធ្វើការស្រាវជ្រាវ រហូតដល់ឃើញជនសង្ស័យនៅ ចំណុចច្រកចូលប្លុកអ្នកតាចិន ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកទីស្នាក់ការប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងចាត់ការបន្ត ៕

To Top