ព័ត៌មានជាតិ

និស្សិតជ័យលាភី ចំនួន៣៦នាក់ ទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យ អាមេរិកធំៗចំនួន២

ភ្នំពេញ៖ សាកលវិទ្យាល័យ របស់អាមេរិកធំៗ ចំនួនពីរនិងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធ ពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ដែលទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ AUPP ។

និស្សិតជ័យលាភីចំនួន៣៦នាក់ ត្រូវបានប្រគល់សញ្ញាបត្រ ជូនដោយសាកលវិទ្យាល័យអារីហ្សូណា សាកលវិទ្យាល័យរដ្ឋហ្វតហេស៍ និងសាកលវិទ្យាល័យ AUPP នៅកាលពីល្ងាចថ្ងៃសៅរ៍ទី១៨ ឧសភាឆ្នាំ២០១៩ ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា “AUPP និងសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិកទាំងពីរ មានមោទនភាពយ៉ាងខ្លាំងដែលនិស្សិតជ័យលាភី របស់យើងជំនាន់ទី១ និងទី២ បានកំពុងតែទទួលបានជោគជ័យទាំងក្នុងស្រុក និងអន្តរជាតិ”។

និស្សិតជ័យលាភីមួយចំនួនធំ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងបណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងពីរជំនាន់ មាននិស្សិតមួយចំនួនបានឱកាសការងារពីស្ថាប័នក្នុងស្រុកនិងក្រៅប្រទេស ដោយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ទៅតាមទីផ្សារអន្តរជាតិ។

លោក Gregory Bardzell តំណាងជាន់ខ្ពស់ (បើដឹងតួនាទីគួរដាក់ឱ្យចំតែម្តងទៅ) មកពីសាកលវិទ្យាល័យអារីហ្សូណា បាននិយាយថា “សាកលវិទ្យាល័យអារីហ្សូណា សាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ មានមោទនភាពយ៉ាងខ្លាំង ដែលបានបង្កើតនូវធនធានមនុស្ស ប្រកបដោយសក្តានុពលខ្ពស់សម្រាប់សង្គម។”

តាមរយៈកម្មវិធីសិក្សាយកសញ្ញាបត្រពីរ (Dual Degree) និស្សិត AUPP នឹងទទួលបានសញ្ញាបត្រចេញដោយសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ បន្ថែមពីលើសញ្ញាបត្រចេញដោយសាកលវិទ្យាល័យ AUPP៕

ដោយៈ ពេជ្រ វីរៈ

To Top