នយោបាយ

នាយករដ្ឋមន្ត្រី៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹក នៃរបបដ៏ឈឺចាប់ មិនអាចបំភ្លេចបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកទិវានៃការចង់ចាំ ២០ ឧសភា ជាថ្ងៃដ៏សែនឈឺចាប់ មិនបំភ្លេចបានក្នុងសម័យ ប៉ុល ពត។

សម្តេចបានសរសេលើ បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ឧសភានេះថា “ថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុង របបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។

សម្តេចបានបញ្ជាក់ថា បំណងនៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល ដល់ជនរងគ្រោះដែល បានស្លាប់ជាង ៣លាននាក់ នៅក្នុងរបប ប៉ុល ពតដ៏ឃោរឃៅនេះ។

សម្តេចបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពី រឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរ មួយប្រទេសបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅ របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្តេច ក៏បានគូសបញ្ជាក់ទៀតថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមាន សន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅ សុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅ ធូរធារសមរម្យ ។

សម្តេចថ្លែងថា “សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការ កសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់ តែរីកចម្រើនឆាប់រហ័ស។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំឲ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍ វិលមកកម្ពុជាសារជាថ្មី” ៕

ដោយ៖ ស សំណាង

To Top