ព័ត៌មានជាតិ

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីផ្តល់ឈាម និងចែកទឹកបរិសុទ្ធកម្ពុជា​ ជាង២ពាន់កេស ដល់អ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប

សៀមរាប៖ ដោយមានការសហការ ពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ជា ក្នុងខេត្តសៀមរាប) ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តយុទ្ធនាការណ៍ ចែកទឹកបរិសុទ្ធកម្ពុជា​ រយៈពេល២ខែ ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងថែមទាំងបាន នាំយកទឹកបរិសុទ្ធកម្ពុជា ដែលជាទឹកពិសាស្តង់ដារខ្ពស់ ចំនុះ ១,៥លីត្រ ចំនួន២២០០កេស ចែកជូន ដល់អ្នកជំងឺគ្រប់ផ្នែក ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប ។

ក្នុងយុទ្ធនាការណ៍ ចែកទឹកបរិសុទ្ធកម្ពុជា​ នៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប បុគ្គលិកផ្នែកលក់ ប្រចាំខេត្តសៀមរាប របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឈ្លាតឱកាសចូលរួម បរិច្ចាកឈាម ដោយស្មគ្រ័ចិត្ត ដើម្បីបំពេញតម្រូវការឈាម ក្នុងមន្ទីរពេទ្យនេះផងដែរ។

លោកស្រី សរ ប៉ូលីន ប្រធានផ្នែកសម្ពភ ប្រចាំមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប បានមានប្រសាសន៍ថា «យើងតែងតែលើកទឹកចិត្ត ឲ្យមាតាបំបៅកូនដោយទឹកដោះ ប៉ុន្តែចំពោះមាតា ដែលមានបញ្ហាសុខភាព ដែលពុំអាចបំបៅកូន ដោយទឹកដោះ បាននោះទេ ពួកគាត់អាចប្រើប្រាស់ ម្សៅទឹកដោះគោ ដោយឆុងជាមួយ នឹងប្រភេទទឹកបរិសុទ្ធ ដែលមានគុណភាពល្អ ដើម្បីកុំឲ្យប៉ះពាល់ សុខភាពរបស់ទារក។ ទឹកបរិសុទ្ធកម្ពុជា ដែលជាប្រភេទទឹកបន្សុទ្ធ គឺស័ក្តិសមនឹងប្រើ សម្រាប់ឆុងម្សៅទឹកដោះគោ សម្រាប់ទារកមែន។ ហើយថ្ងៃនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ ដែលបាននាំយក ទឹកបរិសុទ្ធកម្ពុជា ចែកជូនដោយផ្ទាល់ ដល់មាតានិងទារក ដែលសម្រាកក្នុងផ្នែកសម្ពភ នៅព្រឹកនេះ។»

ការចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ជា ជាផ្នែកមួយ នៃយុទ្ធនាការណ៍ សប្បុរសធម៌ ទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណង លើកកម្ពស់សុខមាលភាព កុមារនិងមាតា នៅតាមមន្ទីរពេទ្យកុមារនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន តាមរយៈការចែកជូន ទឹកបរិសុទ្ធកម្ពុជា ដល់អ្នកជំងឺ សម្រាប់ទុកពិសា អំឡុងពេលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។

ក្រោមយុទ្ធនាការណ៍ ចែកទឹកបរិសុទ្ធកម្ពុជា កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកបរិសុទ្ធកម្ពុជា ចែកជូនដល់អ្នកជំងឺ ដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យគុន្ធបុប្ជា IV និងមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ៕

 

To Top