ព័ត៌មានជាតិ

ក្រុមវេជ្ជសាស្ត្រ​​សម្តេចតេជោ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ កងទ័ពនិងគ្រួសារកងទ័ព ៩៨៤នាក់ ដោយឥតគិតថ្លៃ

កោះកុង៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៩៨៤នាក់ ដោយឥតគិតថ្លៃ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ដោយបានចុះទៅដល់តំបន់អារ៉ែង ស្ថិតនៅភូមិព្រែកសាយ ឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមការងារ ជាច្រើននាក់ទៀត។

ឆ្លៀតក្នុង​ឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពុកម៉ែ បងប្អូន នៅក្នុងកម្មវិធីនោះផងដែរ។ ដោយលោកស្រី បន្តថា នៅតំបន់អារ៉ែងនេះ ជាតំបន់ដាច់ស្រយាល ដោយមើលឃើញ​​​​ ផ្លូវពិបាកធ្វើដំណើរផងនោះ ក្រុមចលនាយុវជន ក១៥៧ ដឹកនាំដោយលោក ម៉ឹង ពន្លក បានចុះធ្វើលាសារៀន អណ្តូងទឹក ប៉ុស្តិ៍សុខភាព ជាពិសេសកសាង ធ្វើផ្លូវថ្នល់បានស្អាតល្អ ងាយស្រួលធ្វើដំណើរ សម្រាប់តំបន់អេកូទេសចរណ៍ផងដែរ ។ សមិទ្ធផលទាំងអស់ខាងលើនេះ សុទ្ធតែមានការជ្រោមជ្រែង និងគាំទ្រ ពីប្រមុខរាជរដ្ឋាភិបានកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។

លោកស្រី បានថ្លែងអំណរគុណ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញ មកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូន អាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នា យ៉ាងឆ្ងាញ់ពិសារ ប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំ ផ្នែកសុខភាពបន្ថែម ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញ មកទទួលសេវាព្យាបាល សម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តវាស់ភ្នែក ចែកជូនវែនតាសម្រាប់ លោកយាយ លោកតា ចំនួន ៣០០គ្រឿង ចែកជូនសម្ភារសិក្សា សម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូន រទេះរុញសម្រាប់ជនពិការចំនួន ៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ប្រជាពលរដ្ឋ ដែលបានអញ្ជើញ មកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែង នូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយ ផ្តល់សេវាថែទាំសុខភាព ប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិត មកដល់មូលដ្ឋាន ។ដោយប្រជាពលរដ្ឋទាំងនោះ បានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ទៅមុខទៀត៕

To Top