ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តជំរុញ ការតបណ្ដាញអគ្គិសនី ឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់ភូមិ នៅក្នុងឃុំកោះសូទិន

កំពង់ចាម ÷ ក្នុងពេលជួបសំណេះសំណាល និងទទួលទានអាហារ ជាមួយបងប្អូនសាសនិកឥស្លាម ក្នុងពិធីស្រាយបួសខែរ៉ាម៉ាដនឆ្នាំ ២០១៩ ធ្វើឡើងនៅភូមិទី ១៣ ឃុំកោះសូទិន ស្រុកកោះសូ ទិន នាល្ងាចថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០១៩ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្ដេជ្ញា បន្តជំរុញ ឱ្យមានការតបណ្ដាញអគ្គិសនី ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ នៅក្នុងឃុំកោះសូទិន ខណៈនៅ សល់តែ២ភូមិទៀតប៉ុណ្ណោះ ដែលមិនទាន់បានអគ្គីសនីប្រើប្រាស់ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា នារដូវប្រាំងកន្លងទៅនេះ លោកបានជំរុញឲ្យមានការតបណ្ដាញអគ្គិសនី ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ចំនួន ៣ភូមិដែលមិនទាន់មានអគ្គិសនីប្រើ ប្រាស់ នៅក្នុងឃុំកោះសូទិននេះ ។

ប៉ុន្តែខណៈនោះ ក្រុមមន្ត្រីអគ្គិសនីបានតបណ្ដាញបង្គោលអគ្គិសនី ចូល បាន១ភូមិរួចទៅហើយ នៅខ្វះ២ ភូមិទៀត ដោយហេតុថា នៅរដូវប្រាំង ស្ងួតហួតហែង ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ បានគំរាម កំហែងធ្វើឲ្យប៉ះពាល់ដល់ការផលិតថាមពល អគ្គិសនី ដែលជាហេតុធ្វើឲ្យយើងមិនអាចធ្វើការពង្រីកបណ្ដាញអគ្គិសនី បានទាន់ពេលវេលានោះទេ ដោយសារតែកត្តាគ្រោះរាំងស្ងួតនេះ ធ្វើឲ្យបណ្ដាញវារីអគ្គិសនី មិនអាចផលិតថាមពលអគ្គិសនីគ្រប់គ្រាន់ ប្រើប្រាស់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្វី ត្បិតតែមានការយឺតយ៉ាវបន្តិច អាជ្ញា ធរខេត្ត នឹងខិតខំជម្រុញ ក្នុងការតភ្ជាប់បណ្ដាញអគ្គិសនី ដើម្បីឲ្យបងប្អូនបានប្រើប្រាស់គ្រប់ភូមិ នៅក្នុងឃុំកោះសូទិននេះ ព្រោះថាបច្ចុប្បន្ននេះមានភ្លៀងធ្លាក់ហើយ អាចថា ទំនប់វារីអគ្គិសនីទាំងឡាយ បានចាប់ផ្ដើមដំណើរការឡើងវិញ ក្នុងការផលិតថាមពលអគ្គិសនី ដែលយើងសង្ឃឹមថា នៅពេលដែលដំណើរការបានពេញលេញ ក្រុមមន្ត្រីអគ្គិសនី នឹងបន្តការតភ្ជាប់នូវបណ្ដាញអគ្គិសនី ជូនបងប្អូនអោយបានប្រើប្រាស់នូវតម្លៃអគ្គិសនីនេះ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

To Top