នយោបាយ

លោក រ័ត្ន ស្រ៊ាង ជួបជុំជាមួយ មន្ត្រីមូលដ្ឋាន ដើម្បីសំណេះសំណាល អំពីការរីកចម្រើនក្នុងភូមិសង្កាត់!

ភ្នំពេញ: នៅព្រឹកថ្ងៃអាទិត្យទី ១៩-០៥-២០១៩ ស្ថិតនៅបរិវេណទីស្នាក់ការគណបក្សប្រជាជន សង្កាត់ ព្រែកកំពឹស លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ដោយមានការចូលរួមពីសំណាក់ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងជាបេក្ខភាព ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានផងដែរ ។ 

វត្តមានសមាជិកចូលរួម ក្នុងអង្គសំណេះសំណាលរួមមាន លោក-លោកស្រី ប្រធានក្រុមបក្ស ប្រធានអនុសាខាបក្ស ក្រុមការងារយុវជន គណ:កម្មការសាខាបក្ស និងគណ:កម្មាធិការ គណបក្សប្រជាជនសង្កាត់ព្រែកកំពឹស សរុបមានចំនួន ៥០៦នាក់ ។

ក្រៅពីការសំណេះសំណាល សួរសុខទុក្ខសមាជិកអង្គពិធី លោក រ័ត្ន ស៊្រាង បានលើកឡើងពីគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងលើកឡើងពីផលប្រយោជន៍ ដែលទទួលបាន ពីនយោបាយឈ្នះៗ បង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបាននាំមកនូវសន្តិភាពពេញលេញ ជូនជាតិ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើធៀបទៅនឹងអតីតកាល កម្ពុជាពុំមានចំណុចណា មួយដើរថយក្រោយ នោះឡើយ។ ជាក់ស្តែងគ្រាន់តែសង្កាត់ព្រែកកំពឹសមួយ ដែលដើមឡើយគឺជាឃុំ របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានកាត់មកជារដ្ឋបាលសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបានទទួលការអភិវឌ្ឍន៍យ៉ាច្រើនរាប់មិនអស់ ទាំងផ្លូវ ចាក់កៅស៊ូ ផ្លូវចាក់បេតុង ជាច្រើនខ្សែ, ប្រឡាយទឹក, ប្រព័ន្ធលូរំដោះទឹក, ព្រព័ន្ធទឹស្អាត, ប្រព័ន្ធភ្លើងអគ្គិសនី, រមណីដ្ឋានកំសាន្ត បុរីផ្ទះថ្ម ភោជនីយដ្ឋាននិងហាងទំនើបៗ …។ល។      

លោកក៏បានសំណូមពរ ឲ្យមន្ត្រីមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ យកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បាន យល់ច្បាស់អំពីការអភិវឌ្ឍន៍ជាក់ស្តែង មើលឃើញផ្ទាល់ភ្នែក ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង ធ្វើយ៉ាងណាពន្យល់ឲ្យប្រជាពលរដ្ឋកុំជឿលើការ ភូតភរ ញុះញង់ បោកប្រាស់ របស់ទណ្ឌិត សម រង្ស៊ី  ព្រមទាំង ធ្វើការទប់ស្កាត់និងវាយបក ចំពោះល្បិចកលដ៏ខ្មៅកខ្វក់ ពិសពុល របស់ទណ្ឌិត សម រង្ស៊ី និង បក្ខពួកទាំងអស់ ឲ្យបានទាន់ពេលវេលា៕

To Top