ព័ត៌មានជាតិ

បង្ក្រាប ក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀនឆ្លងដែនដ៏ធំ នៅវៀតណាម ៦៣គីឡូក្រាម នៅស្វាយរៀង៦ខាំ

ស្វាយរៀង៖ សមត្ថកិច្ចនគបាលស្នងការដ្ឋាននគបាលខេត្ត បានចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន៨នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន៦ខាំ នៅស្រុកស្វាយជ្រំ រីឯភាគីវៀតណាម ចាប់បានឧក្រិដ្ឋជនជាជនជាតិវៀតណាម១នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ចំនួន៦៣គីឡូក្រាម នៅប៉ុស្ត៍ព្រំដែនវៀតណាម ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជន បានសហការគ្នាជញ្ជូនគ្រឿងញៀន ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាម សរុបក្រុមនេះ មានថ្នាំញៀនចំនួន៦៣,៦គីឡូក្រាម។

បើតាមសមត្ថកិច្ចការពារព្រំដែន បានបង្ហើបឲ្យដឹងថា​ ក្រុមឧក្រិដ្ឋជនមាន២សញ្ជាតិ គឺខ្មែរនិងវៀតណាម ក្រុមឧក្រិដ្ឋជននៅកម្ពុជា បានជញ្ជូនគ្រឿងញៀន ពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំ ឆ្ពោះទៅប្រទេសវៀតណាមតាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងទៅឲ្យពួកឧក្រិដ្ឋជនជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹងខេត្តឡុងអាន ប្រទេសវៀតណាម។

បើតាមការសារភាពរបស់ក្រុមឧក្រិដ្ឋជន ពួកគេ បានជញ្ជូនគ្រឿងញៀន ពីរាជធានីភ្នំពេញ ឆ្លងដែនចេញទៅប្រទេសវៀតណាម នៅវេលា ម៉ោង១១ និង០០នាទី យប់ថ្ងៃទី១១ ឧសភា ២០១៩ យកទៅឲ្យភាគីវៀតណាម។

ប្រភពដ៏ដែលបានបន្តទៀតថា ដោយមានការសង្ស័យ ខាងសមត្ថកិច្ចវៀតណាម បានស៊ើបអង្កេតជនសង្ស័យ ជាជនជាតិវៀតណាម យករថយន្ត១គ្រឿង ម៉ាកធូរីស ពាក់ស្លាកលេខ 51F 310.13 មកចតនៅក្នុង ភូមិកើតហេតុខាងលើក៏ឃ្លាំមើលរហូត ដល់ម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១២ ឧសភា ២០១៩ សមត្ថកិច្ចវៀតណាម ប៉ុស្ត៍ទាហានវរៈការពារព្រំដែន ទៀងប៊ិញ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ១នាក់ ភេទប្រុស និងដកហូតរថយន្ត១គ្រឿង យកមកពិនិត្យឆែកឆេរកឃើញ សង្ស័យគ្រឿងញៀន ក៏បានកោះហៅភាគីកម្ពុជា នគបាលវរៈការពារព្រំដែនអន្តរជាតិ ព្រៃវល្ល័ និងមន្ត្រីជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ចូលរួមពិនិត្យដកហូតបានគ្រឿងញៀន ០៣ប្រភេទ រួមមានហេរ៉ូអ៊ីន ហ្វេតំតាមីន និងកេតាមីន សរុប៦៣គីឡូក្រាម។

ក្រោយពីសួរចម្លើយជនសង្ស័យ ជនជាតិ វៀតណាម បានសារភាពគេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរ ជាអ្នកយកឲ្យរូបគេ។រហូតដល់ថ្ងៃទី១៣ ឧសភា ២០១៩ សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្ត បានសហការជាមួយនគបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ៦នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ហ្វេតំតាមីនចំនួន០៦ខាំ និងបន្តចាប់ខ្លួនជនសង្ស័យបាន២នាក់ ទៀតនៅថ្ងៃទី១៤ ឧសភា ២០១៩ ហើយបន្តតាមប្រម៉ាញ់មេក្លោង ជួញដូរគ្រឿងញៀនម្នាក់ទៀត រហូតដល់ថ្ងៃទី១៧ ឧសភា ២០១៩នេះ ក៏ប៉ុន្តែពុំទាន់ចាប់ខ្លួនបាននៅឡើយ ទើបនៅព្រឹកថ្ងៃទី១៨ ឧសភា ២០១៩នេះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ចំនួន០៦ខាំ មកសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។

ចំណែកភាគីវៀតណាម ក៏បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជន១នាក់ ទៅតុលាការដែររួមទាំងវត្ថុតាងគ្រឿងញៀន ចំនួន៦៣គីឡូក្រាម និងរថយន្តមួយគ្រឿង ហើយសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ភាគីវៀតណាមបានស្នើសុំនាំខ្លួនឧក្រិដ្ឋជន ជាជនជាតិខ្មែរ១នាក់ ក្នុងចំណោម០៨នាក់ទៅប្រទេសវៀតណាម ដែលភាគីវៀតណាមបានប្រាប់ថាជាឧក្រិដ្ឋជនម្នាក់ ដែលសង្ស័យថា ជាមេក្លោងនាំគ្រឿងញៀន ចូលប្រទេសវៀតណាម រាប់សិបតោនឯណោះតែតាមចាប់មិនបាន ក៏ប៉ុន្តែភាគីកម្ពុជាមិនប្រគល់ជនសង្ស័យជាឧក្រិដ្ឋជនម្នាក់នោះ ទៅឲ្យភាគីវៀតណាមតាមការស្នើសុំទេ៕

To Top