ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធ ជាច្រើនពាន់នាក់ ចូលរួមពីធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធ និងព្រះសង្ឃជាច្រើនអង្គ និងនាក់ ដែលមកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានមកជួបជុំគ្នា ប្រារព្ធពីធីបុណ្យ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ (ភ្នំព្រះរាជទ្រព្យ) ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា សម្រាប់រម្លឹក ដល់ព្រះពុទ្ធសមណគោតម នាថ្ងៃពេញបូណ៌មី ( ថ្ងៃ ១៥ កើត) ខែពិសាខ ដែលជាជំនឿរបស់ពុទ្ធសាសនិក ទាំងព្រះសង្ឃ និងគ្រហស្តថាជាមហាកុសល ដ៏ប្រសើរនោះ។

បុណ្យវិសាខបូជា ឆ្នាំនេះ ត្រូវបានគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រារព្ធធ្វើឡើង នៅបរិវេណជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាបុណ្យចំ ពីមុខព្រះមហាសក្យមុនីចេតិយ ក្រោអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សា យ ឈុំ ប្រធានព្រឹទ្ធសភា និងដោយមានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្តេច ព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ មន្ត្រីអ្នកមុខ អ្នកការ មន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។ ដោយឡែកតំណាងស្ថានទូត នៃបណ្ដាប្រទេសជាមិត្ត ដែលក្នុងនោះរួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ក៏មានវត្តមាន ក្នុងពិធីបុណ្យវិសាខ បូជានេះ ផងដែរ ។

បន្ទាប់ពីរៀបចំពិធីបុណ្យ ទៅតាមកម្មវិធីប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជាការសូត្របទសរភញ្ញ ថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាស វិសាខ បូជា វេរភត្ត ប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា លោកអាចារ្យឧទ្ទិស ថ្វាយ ព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរម គ្រូជាបន្តបន្ទាប់ រួចមក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៣០០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស សូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុ តាមឃុំគ្រងជួយបីបាច់ ថែរក្សាប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើន ជារៀង រហូ ត ។

គួរបញ្ជាក់ដែរថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោម បុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹក ដល់ ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្ដម គឺថ្ងៃដែល ព្រះអង្គ ទ្រ ង់ បាន ប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុង ខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គា ល់ “វិសាខបូជា” ជាពិធីបុណ្យសកល ចំពោះបណ្ដាប្រទេសកាន់ ព្រះពុទ្ធសាសនា ដែលបុគ្គលិក ធ្វើការ និងសាធារណជន អាចប្រារព្ធធ្វើបាន នៅទូទាំងពិភពលោក ទៀតផងដែរ៕
(អត្ថបទ៖ AKP)

Facebook Comments

To Top