នយោបាយ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឱ្យក្រុមហ៊ុនអាម៉េរិក ជួយដោះស្រាយកង្វះខាត ថាមពលអគ្គិសនី នៅកម្ពុជា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមហ៊ុនអាម៉េរិក ជួយដោះស្រាយចំពោះកង្វះខាត ថាមពលអគ្គិសនី នៅកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់អនាគត ដើម្បីគាំទ្រក្នុងវិស័យសុខាភិបាល, ការគាំទ្រការកសាងសមត្ថភាពរបស់មន្ត្រី និងការធ្វើឱ្យប្រសើរឡើង នៃសមត្ថភាព ផលិត ថាម ពល អគ្គិសនីនៅកម្ពុជា ។

ការស្នើនេះធ្វើឡើង ខណៈអនុញ្ញាតឱ្យលោក ចន ជីរៃ (Mr. John G. Rice)អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំក្រុមការងារចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ថាមពលអគ្គិសនី មាន តួនាទីសំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច តាមរយៈការធានាបាន និងធ្វើឱ្យប្រសើរឡើងនូវ ភាពប្រកួតប្រជែងពាណិជ្ជកម្ម។ លោក ក៏បានស្នើសុំឱ្យលោកអគ្គ នាយកក្រុមហ៊ុនបន្តផ្តល់ការគាំទ្រ ទៅលើកិច្ចការសំខាន់ផ្សេងៗទៀត រួមមាន វិស័យសុខាភិ បាល និងសុខុមាលភាពរបស់ប្រជាជន ការដោះស្រាយបញ្ហាប្រឈម នៃការផ្គត់ផ្គង់អគ្គិសនី និងជួយគាំទ្រកសាងសមត្ថភាព និងសិក្សាការបន្ទាបថ្លៃអគ្គិសនី នៅកម្ពុជាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយក្រុម ការងាររបស់ លោក ចន ជីរៃ គឺមានសារសំខាន់ ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង សហការជាអន្តរក្រសួង ជាមួយក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធ ផ្សេងទៀត ដើម្បីដោះស្រាយបញ្ហា កង្វះខាតថាមពលអគ្គិសនីកម្ពុជា នាពេលបច្ចុប្បន្ន និង សម្រាប់អនាគត។

លោក ចន ជីរៃ បានយល់ស្រប និងទទួលយកទៅពិចារណា ចំពោះសំណើ របស់ លោក ឧបនាយករដ្ឋមន្រ្តី ហើយក្រុមការងារ របស់លោកនឹងប្តេជ្ញាបន្ត កិច្ចសហការ ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ធ្វើការ ពិនិត្យ សិក្សាទៅលើការងារ និងសំណើទាំងនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ GE ដែលបានរួមចំំណែកពង្រឹងវិស័យ សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីក ចម្រើនធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន និង បានជំរុញឱ្យក្រុមការងារ GE សហការជាមួយ ក្រុមការងារអន្តរក្រសួង ប្រកបដោយ ជោគជ័យដូចការគ្រោងទុក។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន General Electric មានវត្តមាន នៅក្នុងព្រះរាជាណាចក្រ កម្ពុជាក្នុងឆ្នាំ ២០០៩ ដោយបានកសាងភាពជាដៃគូ ជាមួយនឹងវិស័យឯកជន និងសាធារណៈ ដោយអាជីវកម្មដែលមានភាពសកម្ម គឺវិស័យថាមពល អគ្គិសនី, ដំណោះស្រាយ បណ្តាញ បញ្ជូន និងចែកចាយអគ្គិសនី និងថាមពលអគ្គិសនី សម្រាប់វិស័យសុខាភិបាល។ ក្រុមហ៊ុន មានទីស្នាក់ការនៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក និងនៅក្នុងប្រទេសចំនួន ១៧៥ ។ ក្រុម ហ៊ុន នេះ គឺបានដោយ ផ្តោតលើដំណោះស្រាយផ្នែកថាមពល ក្រុមហ៊ុនមានបទពិសោធន៍ ច្រើនលើថាមពលអគ្គិសនី ដែលរួមមាន៖ ថាមពលធ្យូងថ្ម, ថាមពល វារីអគ្គិសនី និងថាម ពល កកើតឡើងវិញ (Renewable Energy) ដូចជា ថាមពលពន្លឺព្រះអាទិត្យ, ខ្យល់, ថាមពល ជីវចម្រុះ និងថាមពលនុយក្លេអ៊ែរ៕

(អត្ថបទ៖ AKP)

Facebook Comments

To Top