ព័ត៌មានជាតិ

ជនជាតិចិន បើកឡានប្រដេញគ្នា ធ្លាក់ចូលដៃទន្លេ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបពីរគ្រឿង បើកប្រដេញគ្នាយ៉ាងសាហាវ នៅក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យរថយន្តមួយគ្រឿង បានជ្រុលចង្កូតបុករបងឃាំង និងដើមឈើមួយដើម ហើយជ្រុលធ្លាក់ចូលដៃទន្លេ ។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៤និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ ស្ថិតនៅចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញរថយន្តមួយគ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរប្រដេញគ្នា ក្នុងល្បឿនយ៉ាងលឿន ជាមួយរថយន្ត CAMRY រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងឃាំង និងដើមឈើហើយធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឱ្យរថយន្តរងការ ខូចខាតខ្ទេចផ្នែកខាងមុខ និងបែកកង់ខាងស្ដាំទៅមុខលែងរួច ប៉ុន្តែមិនបណ្ដាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ។ ចំណែកឯភាគីរថយន្តម្ខាងទៀតមិនបានឈប់ បានបើកចេញពីកន្លែងកើតហេតុ ចេញទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្ក បានធ្វើការចរាចរជាមួយនឹងម្ចាស់ទីតាំង ដើម្បីធ្វើការសងសំណងទៅលើការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕

Facebook Comments

To Top