នយោបាយ

ប្រធានប្រ.ជ ឲ្យក្រុមការងារ រៀបចំវេទិកាផ្សព្វផ្យាយ សកម្មភាពខុសច្បាប់ របស់លោក សម រង្ស៊ីចំពោះ ការវិលត្រឡប់ មកវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន​ប្រធាន គណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) បានធ្វើលិខិតមួយ ច្បាប់ផ្ញើ ជូនមកប្រធាន ក្រុមការងារគណៈកម្មការកណ្ដាល ចុះជួយ រាជធានី-ខេត្ត បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្យាយអប់រំ ដល់ប្រជាពលរដ្ឋអំពីផលវិបាក នៃការផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់តាម រយៈសកម្មភាពបដិវត្តពណ៌ដែល ជាសកម្មភាពខុសច្បាប់ និងការវិលត្រឡប់មកកម្ពុជា របស់លោក សម ​រង្ស៊ី ដើម្បីដឹកនាំ សកម្មភាពខុសច្បាប់ទាំងនេះ។

យោងតាមលិខិត ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន​ សែន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដែលចេញផ្សាយជាសាធារណ នៅថ្ងៃទី៩ ឧសភានេះ បានឲ្យដឹងថា កន្លងមកទណ្ឌិតសម រង្ស៊ី បានប្រកាស ជាបន្តបន្ទាប់ពី គម្រោងផែនការវិលត្រឡប់ចូលកម្ពុជា ក្នុងឆ្នាំ២០១៩នេះក្នុងគោលបំណងដឹកនាំ ការធ្វើ បដិវត្តពណ៌ជាថ្មី ដោយបានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធនិង ប្រជាពលរដ្ឋ ឲ្យធ្វើការផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់កើតចេញពីការបោះឆ្នោត។

លិខិតបន្តថា សកម្មភាពរបស់លោក សម រង្ស៊ីនេះ ជារំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើរដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមានរបស់កម្ពុជា ដែលអាចនាំប្រទេសជាតិឲ្យធ្លាក់ក្នុងវិបត្តិ ភាពចលាចល វឹកវរដែលមិនអាចប៉ាន់ស្មានបាន។

លិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដដែលបានឲ្យដឹងទៀតថា ការសម្រេចវិលត្រឡប់មកវិញ ឬមិនមកវិញរបស់ទណ្ឌិតសម រង្ស៊ី ក៏ដូចការធ្វើបដិវត្តពណ៌បានសម្រេច ឬមិនបានសម្រេច គឺមិនចំណុះទៅលើមហិច្ឆតា របស់ទណ្ឌិតរូបនេះឡើយ។

ប្រភពបានឲ្យដឹងបន្ថែមថា” ដើម្បីបន្ត គ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាននានាឲ្យកាន់តែល្អប្រសើរថែមទៀត សុំសម្ដេចឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារ ចុះជួយ រាជធានី-ខេត្តដឹកនាំ ណែនាំដល់ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ សហការរៀបចំវេទិកា សាធារណគ្រប់ឃុំ-សង្កាត់ ភូមិដើម្បីផ្សព្វផ្សាយ អប់រំ ដល់ ប្រជាជនគ្រប់ មជ្ឈដ្ឋានអំពីផលវិបាក នៃការផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈ សកម្មភាពបដិវត្តពណ៌ដែលជាសកម្មភាព ខុសច្បាប់ និងការវិលត្រឡប់មកកម្ពុជា របស់ទណ្ឌិត សម រង្ស៊ីដើម្បីដឹកនាំសកម្មភាព ខុសច្បាប់ទាំងនេះ”។

សូមបញ្ជាក់ថា​ កាលពីចុងសប្ដាហ៍មុន អតីតអ្នកគាំទ្រ របស់លោក សម រង្ស៊ី ដែលរស់នៅក្រៅប្រទេស បានប្រកាសតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុកថា អតីតមេបក្ស របស់ខ្លួនគឺលោក សម រង្ស៊ី នឹងត្រឡប់មកវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងនោះក៏បានប្រកាស ឲ្យអ្នកគាំទ្រនៅក្នុងស្រុកទាំង អស់ត្រៀមលក្ខណៈ ទទួលស្វាគមន៍ លោក សម រង្ស៊ី ផងដែរ៕

To Top