ព័ត៌មានជាតិ

ទស្សនៈ និងមតិ៖​ ឡូត៍នេសាទមួយចំនួនធំ ក្នុងខេត្តកណ្ដាល ប្រឈមការបាត់បង់ ខណៈមន្រ្តីជំនាញ ហាក់គ្មានវិធាការទប់ស្កាត់

ភ្នំពេញ៖ ប្រជាពលរដ្ឋស្ទើរគ្រប់ស្រុក ក្នុងខេត្តកណ្ដាល បានបង្ហាញការត្អូញត្អែរ និងព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្មេងជំនាន់ក្រោយ លែងបានស្គាល់ឡូត៍នេសាទ និងបឹងធម្មជាតិ ក្រោយមន្រ្តីមានអំណាច ពុះជ្រៀកលក់ឲ្យឈ្មួញ ជាបន្តបន្ទាប់ ដោយគ្មានញញើតច្បាប់សោះ ខណៈមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ មិនអើពើឬចាត់វិធានការ ទប់ស្កាត់និងបង្រ្កាបសោះឡើយ។

ប្រជាពលរដ្ឋរស់នៅ តាមបណ្ដាស្រុកនានា ក្នុងខេត្តកណ្ដាល បានលើកឡើងថា ឡូត៍នេសាទ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់រដ្ឋនៅតាមបណ្ដាស្រុក ដែលពួកគាត់កំពុងរស់នៅ ត្រូវបានមន្រ្តីមានអំណាច ឃុបឃិតគ្នាពុះចែកលក់ ឲ្យឈ្មួញអ្នកមានមួយចំនួន ក្រោមលេសកាត់ឆ្វៀល ជូនប្រជាពលរដ្ឋ តែតាមធាតុពិត ដីទាំងនោះ មិនបានធ្លាក់ដល់ប្រជាពលរដ្ឋនោះទេ បែរជាធ្លាក់ទៅ ឧកញ៉ាទៅវិញ។

ប្រជាពលរដ្ឋ បានបង្ហាញការព្រួយបារម្ភថា ប្រសិនបើឡូត៍នេសាទ ត្រូវបានបាត់បង់ជាបន្តបន្ទាប់បែបនេះ តើកូនចៅជំនាន់ក្រោយ របស់ពួកគាត់បានអ្វីអាស្រ័យផល ឬអាចនិយាយបានថា កូនខ្មែរជំនាន់ក្រោយ លែងស្គាល់រសជាតិត្រីធម្មជាតិ និងអាចឈានទៅ ដាច់ពូជមច្ឆជាតិជាដើម។ជាងនេះទៅទៀត ការបាត់បង់ឡូត៍នេសាទ ធ្វើឲ្យបាត់បង់ជីវៈចម្រុះ បាត់សំណើមដី បណ្ដាលឲ្យអាកាសធាតុ កាន់តែឡើងកម្ដៅ និងខ្វះទឹកប្រើប្រាស់។

បន្ថែមលើនេះ ការបាត់បង់បឹងធម្មជាតិ និងឡូត៍នេសាទ អាចបណ្ដាលឲ្យមានការជន់លិចទីក្រុង នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដោយសារគ្មានកន្លែងស្ដុកទឹក បាត់បង់ប្រព័ន្ធប្រឡាយទឹក ធ្វើឲ្យទឹកភ្លៀងទាំងប៉ុន្មាន ត្រូវហូរចូលទន្លេ អាចណ្ដាលឲ្យមានការជន់លិច ផ្ទះសម្បែងនិងផលដំណាំ របស់ប្រជាពលរដ្ឋ នៅរដូវវស្សាផងដែរ។

ពាក់ព័ន្ធករណី ដូចបានរៀបរាប់ខាងលើ ប្រជាពលរដ្ឋលើកឡើង ដោយសង្កត់ធ្ងន់ថា ពួកគាត់មិនប្រឆាំង នឹងការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែពួកគាត់សំណូមពរ ឲ្យមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បំភ្លឺថាតើហេតុអ្វី បានជាចាក់ដីលុបបឹងធម្មជាតិ និងឡូត៍នេសាទ ជាបន្តបន្ទាប់? តើការចាក់លុបនេះ ក្នុងគោលដៅអភិវឌ្ឍអ្វី? តើទង្វើទាំងនេះ បានដឹងលឺ ឬមានអនុក្រឹត្យ ពីរាជរដ្ឋាភិបាលដែរឬទេ ឬមន្រ្តីមានអំណាច ថ្នាក់ក្រោម គ្រាន់តែយកឈ្មោះថ្នាក់ដឹកនាំ មកបិទបាំងអំពើពុករលួយ ដើម្បីតែផលប្រយោជន៍ បក្ខពួករបស់ខ្លួន តែប៉ុណ្ណោះទេ៕

Facebook Comments

To Top