អន្តរជាតិ

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅអារ៉ាប៊ីសាអូឌីត ធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ

បរទេស៖សេចក្តីថ្លែងការណ៍ពីស្ថានទូតមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត លោក John Abizaid បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍ ហើយនេះគឺជាការបំពេញនូវភាពខ្វះចន្លោះ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងជាងពីរឆ្នាំកន្លងមក។
ទីក្រុងវ៉ាស៊ីនតោន មិនមានឯកអគ្គរដ្ឋទូតប្រចំានៅក្នុងទីក្រុងរីយ៉ាដ ចាប់តាំងពីខែមករា ឆ្នាំ២០១៧ គឺមានរយៈពេល២៧ខែ ដោយចំណងមិត្តភាពរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានប្រែក្លាយជាស្មុគស្មាញខ្លាំងឡើង ជុំវិញបញ្ហានានា ដែលរួមទាំងការធ្វើសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅកុងសុលអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសតួកគី។
សេចក្តីថ្លែងការណ៍មួយបានដកស្រង់សម្តីរបស់លោក John Abizaid ដូច្នេះថា “ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ធ្វើការងាររួមគ្នាជារៀងរាល់ថ្ងៃ ដើម្បីការពាសន្តិសុខរបស់ប្រទេសយើងទាំងពីរ លើកកំពស់វិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន ដែលរក្សាចំណងមិត្តភាពរបស់យើង ឲ្យរឹងមាំ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top