ព័ត៌មានជាតិ

អនុប្រធាននាយកដ្ឋាន​ នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាញ់ ៥គ្រាប់ប៉ងសម្លាប់មនុស្ស តែមិនជាប់ទោសព្រហ្មទណ្ឌ ដោយត្រឹមពិន័យតែប៉ុណ្ណោះ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនខ្លួន ទៅនាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីពិន័យកងកម្លាំង កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ពាក់ព័ន្ធការបាញ់ ៥គ្រាប់បណ្តាល ឱ្យបែកកញ្ចក់រថយន្ត ក្នុងបំណងប៉ុនប៉ងឃាតកម្ម កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា ការសម្រេចបែបនេះ បន្ទាប់ពីជនរងគ្រោះយល់ព្រម សម្របសម្រួលជាមួយជនបង្ក ដោយទទួលសំណងចំនួន ៥ពាន់ដុល្លារអាមេរិក ។
ទោះបីយ៉ាងណាលោក អេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅពុំទាន់សុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ដោយសារទូរស័ព្ទ ចូលតែថា ជាប់រវល់ប្រជុំ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា ជនបង្កដែលបាញ់ ៥គ្រាប់ បណ្ដាលបែកកញ្ចក់ឡាន ក្នុងបទល្មើសប៉ុនប៉ងឃាតកម្ម គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។ ចំណែកជនរងគ្រោះ ឈ្មោះ ភូ រិស្សស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ថា នគរបាលបានបញ្ជូន សំណុំរឿង និងជនបង្ក ទៅនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ជនរងគ្រោះ ភូ រិស្ស ស្តូរ៉ា់ ជាអគ្គនាយក ក្រុមហ៊ុនសន្តិសុខ CPS ថ្លែងប្រាប់ដែរថា លោកពុំដែលស្គាល់ ឬធ្លាប់មានទំនាស់ជាមួយជនបង្កនោះទេ ។ ប៉ុន្តែនៅយប់កើតហេតុ គឺជនបង្កមាន លក្ខណៈស្រវឹងជោកជាំ ទើបឈានដល់ការបាញ់ បំបែកកញ្ចក់ឡានរបស់លោក ។ ពេលនេះ លោកបានដាក់ ពាក្យបណ្ដឹងជាផ្លូវការហើយ ដើម្បីឱ្យសមត្ថកិច្ចចាត់ការ តាមច្បាប់ ទៅលើ ជនបង្ករូបនេះ ។

ប្រភពព័ត៌មាន ច្បាស់ការណ៍ មួយថ្លែងប្រាប់ថា បន្ទាប់ពីហេតុការណ៍ បាញ់ប្រហារកើតឡើង កាលពីវេលាម៉ោង ០០៖៥៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៣៦៣​ កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ គឺមានអន្តរាគមន៍ជាច្រើន ពីមន្ត្រីគ្រាក់ៗឱ្យមានការ សម្របសម្រួលគ្នា ។ ប៉ុន្តែដោយសារ ជនរងគ្រោះមិន ព្រមទើបឈានដល់ ការដាក់ពាក្យបណ្ដឹង ឃាត់ខ្លួនជនបង្កតែម្តង ។

បុរសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុរូប គាត់និងប្រពន្ធបានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរ ប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ2U- 4448 ចេញពីហូបអី នៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ខណៈរូបគាត់បើករថយន្ត មកដល់មុខអតីតក្លឹបកម្សាន្តរ៉ុក ក៏ស្រាប់តែមានជនបង្ក ២នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងរន្ធើន ដាក់រូបគាត់ទើបរូបគាត់បន្ថយល្បឿន ឈប់ចុះមកសួរ ថាមានរឿងអី? រីឯជនបង្កឆ្លើយថាអញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី? ។

ប្រភពព័ត៌មានបន្តថា បន្ទាប់មកជនរងគ្រោះ ពីរនាក់ប្តី ប្រពន្ធក៏ឡើងលើរថយន្ត បើកចេញទៅទើបជនបង្ក បានបើកតាមពីក្រោយហើយមកគៀក ឲ្យជនរងគ្រោះ បើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះ ក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ស្រាប់តែជនបង្ក បើករថយន្តមកកាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះ បើកថយក្រោយបត់ក្បាល រថយន្តចេញក៏ស្រាប់តែជនបង្កម្នាក់ ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះ ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធ ភ័យស្លន់ស្លោ រហូតដល់សន្លប់បាត់ស្មារតី រួចហើយជនបង្កក៏បានបើករថយន្ត ចេញពីកន្លែងកើតហេតុ មួយភ្លេតក៏ត្រឡប់មកវិញ ។

ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍ នាំខ្លួនជនបង្កទាំង២នាក់ ចូលទៅក្នុងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង។

ចំណែកស្ត្រីរងគ្រោះ ដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ទៅមន្ទីពេទ្យឯកជន។ រីឯបុរសរងគ្រោះ ក៏បានមកដាក់ពា្យបណ្ដឹង ទៅលើជនបង្កទាំង ២នាក់ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការ តាមនីតិវិធីច្បាប់ ។

មាត្រា ២៧នៃ ក្រមព្រហ្មទណ្ឌ ចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ក្នុងបទមជ្ឈិមអាចត្រូវផ្តន្ទាទោស បានកាលណាលក្ខខណ្ឌ ខាងក្រោមនេះ ត្រូវបាន បំពេញ៖-ចារីបានចាប់ផ្ដើម អនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើ ដែលមានគោលបំណង ដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស និងចារីមិនបានបញ្ឈប់អំពើ របស់ខ្លូនទៅវិញ ដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬអាក់ខានដោយឥទ្ធិពល នៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លូន ។

អំពើត្រៀមបម្រុង ដែលពុំមានគោលបំណង ដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើម អនុវត្តទេ ។ ការប៉ុនប៉ងក្នុងបទ លហុ ពុំទទួលការផ្តន្ទាទោសទេ”។

មាត្រា ១៩៩នៃ ក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្ស ដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មាន ស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា ២០០​ (បទឃាតកម្ម គិតទុកជាមុន) ដល់មាត្រា ២០៥ (បទ ឃាតកម្ម ដោយមាន ទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះគឺជាឃាតកម្ម ។

ឃាតកម្មត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ៕

ដោយ៖ គិរី

Facebook Comments

To Top