អន្តរជាតិ

អ៊ីរ៉ង់ ចាត់ទុកកងទ័ពអាមេរិក នៅតំបន់មជ្ឈិមបូព៌ាទាំងអស់ ថាជាភេរវករ

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា ដាក់បញ្ចូលសេចក្តីព្រាងមួយ ឲ្យក្លាយជាច្បាប់ពេញទី កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលប្រកាសថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាភេរវករ និងហៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ថាជាអ្នកគំាទ្រអំពើភេរវកម្ម។

សេចក្តីព្រាងច្បាប់នោះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីសប្ដាហ៍មុន ដើម្បីជាការសងសឹកចំពោះ ការសម្រេចចិត្តរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងខែនេះ ដែលចាត់ទុកកងកម្លាំងការពារ បដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ថាជាអង្គការភេរវកម្មបរទេស។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ បានឲ្យដឹងថា វានៅមិនទាន់ច្បាស់ប្រាកដនៅឡើងទេថា ច្បាប់ថ្មីរបស់ប្រទេសអ៊ីរ៉ង់នេះ អាចនឹងមានឥទ្ធិពលបែបណា ចំពោះកងកម្លាំងសហរដ្ឋអាមេរិក ឬក៏ចំពោះប្រតិបត្តិការនៅតំបន់ មជ្ឈិមបូព៌ារបស់ពួកគេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top