ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនជាតិចិន ៣នាក់ ខណៈលុយជាង ៣លានដុល្លារ បញ្ជូនទៅទុក នៅធនាគារជាតិ

ភ្នំពេញ៖ លុយជាង​ ៣លានដុល្លារ ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុក នៅធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីទុកធ្វើជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន ៣នាក់ ខណៈបច្ចុប្បន្នពួកគេត្រូវបាន ឃុំខ្លួនក្នុងពន្ធនាគារ ប៉េហ្ស៊ី ។

នេះបើតាមការ បញ្ជាក់របស់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។

បើតាមរបាយការណ៍អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងកាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋាន​ អន្តរជាតិភ្នំពេញ ដោយបានឃាត់ខ្លួន ជនជាតិចិន ៣នាក់ ធ្លាប់ធ្វើដំណើរទៅមកកម្ពុជា ជាច្រើនលើកមកហើយ ។

លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ២នាក់ ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣.៥២០.០០០ដុល្លារ ចេញពីទីក្រុងហុងកុង មកកាន់កម្ពុជាប្រាកដមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពី ផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។

ទោះបីយ៉ាងណាពេលនេះ សំណុំរឿងកំពុងស្ថិត ក្រោមចំណាត់ការរបស់តុលាការ ដែលនឹងបន្តការ ស៊ើបអង្កេតបន្តទៀត ៕

ដោយ៖ គិរី

Facebook Comments

To Top