នយោបាយ

កំណែទម្រង់ស៊ីជម្រៅ ក្នុងជួរនគរបាលជាតិ! បញ្ចុះសក្តិស្នងការ នគរបាលរាជធានី-ខេត្ត មកនៅត្រឹមសក្តិ៥

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងជួរនគរបាលជាតិ ដោយបញ្ចុះសក្តិស្នងការ នគរបាលរាជធានី-ខេត្ត មកនៅត្រឹមសក្តិ៥វិញ ខណៈបច្ចុប្បន្នស្នងការ នគរបាលរាជធានី-ខេត្ត ពាក់ផ្កាយ១ ឬ២លើស្មា ចំណែកផ្កាយ៤ រក្សាទុក តែចំពោះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រ របស់លោកវឌ្ឍនា សារពង្ស ទេសរដ្ឋមន្រ្តី និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់។

យោងតាមឯកសារបែកធ្លាយ ស្ដីពីការបង្ហាញលំដាប់ឋានន្តរសក្តិ ផ្នែកនគរបាល និងក្របខណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានកែទម្រង់ ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ រក្សាទុកឋានៈ ជានាយឧត្តមសេនីយ៍ ផ្កាយ៤ រីឯអនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ឯក និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ដែលមានផ្កាយ៣។ រីឯអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាឧត្តមសេនីយ៍ទោ និងឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ផ្កាយ២។ រីឯប្រធាននាយកដ្ឋានកណ្តាល ទទួលផែន នៃអគ្គស្នងការ គឺជាឧត្តមសេនីយ៍ទោ ផ្កាយ២។

ចំណែក ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការ ឬអគ្គនាយកដ្ឋាន ជាឧត្តមសេនីយ៍ត្រី ឬឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ផ្កាយ១។ អនុបប្រធាននាយកដ្ឋានកណ្តាល ទទួលផែន នៃអគ្គស្នងការ អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន ស្នងការនគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ឯក ត្រឹមតែស័ក្តិ ៥ប៉ុណ្ណោះ។ រីឯ អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ/ ប្រធានពន្ធនាគាររាជធានីខេត្ត ជាវរអគ្គានុរក្ស ថ្នាក់លេខ ស័ក្តិ៥។

ឯកសារដដែល បង្ហាញថា ប្រធានការិយាល័យថ្នាក់កណ្តាល ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងប្រធានការិយាល័យកណ្តាល ទទួលផែន ជាវរសេនីយ៍ទោ ស័ក្តិ ៤កន្លះ។ ក្នុងនោះ ប្រធានការិយាល័យកណ្តាល និងអនុប្រធាន មណ្ឌលអប់រំកែប្រែ/ អនុប្រធានពន្ធនាគាររាជធានីខេត្ត ជាវរអគ្គានុរក្សថ្នាក់លេខ២ ឬសក្តិ ៤កន្លះ។ រីឯអនុប្រធានការិយាល័យថ្នាក់កណ្តាល អនុប្រធានការិយាល័យកណ្តាល ទទួលផែន និងប្រធានការិយា ល័យនៃស្នងការដ្ឋាន នគរបាលរាជធានីខេត្ត គឺជាវរសេនីយ៍ត្រី សក្តិ៤។ រីឯអនុប្រធានការិយា ល័យថ្នាក់កណ្តាល និងប្រធានការិយាល័យនៃមណ្ឌលអប់រំ និងពន្ធនាគាររាជធានីខេត្ត គឺជាវរអគ្គានុរក្ស ថ្នាក់លេខ៣ សក្តិ៤។

ចំណែក ប្រធានផ្នែកថ្នាក់កណ្តាល អធិការនគរបាលខណ្ឌ/ស្រុក និងអនុប្រធានការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្ត គឺជាអនុសេនីយ៍ឯក សក្តិ៣។ ប្រធានផ្នែកថ្នាក់កណ្តាល និងអនុប្រធានការិយាល័យ នៃមណ្ឌលអប់រំកែប្រែ/ ពន្ធនាគាររាជធានីខេត្ត គឺជាអគ្គានុរក្ស ថ្នាក់លេខ១ សក្តិ៣។

ដោយឡែក អនុប្រធានផ្នែកថ្នាក់កណ្តាល ប្រធានផ្នែកនៃស្នងការនគរបាលរាជធានីខេត្ត និងអធិការរងនគរបាលខណ្ឌស្រុក ជាអនុសេនីយ៍ទោ សក្តិ២។ អនុប្រធានផ្នែកថ្នាក់កណ្តាល និងប្រធានផ្នែក នៃមណ្ឌលអប់រំកែប្រែ/ ពន្ធនាគាររាជធានីខេត្ត ជាអគ្គានុរក្សថ្នាក់លេខ២ សក្តិ២។ រីឯអនុប្រធានផ្នែក នៃស្នងការនគរបាលរាជធានីខេត្ត និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាអនុសេនីយ៍ត្រី សក្តិ១។ ក្នុងនោះ អនុប្រធានផ្នែក នៃមណ្ឌលអប់រំកែប្រែ/ពន្ធនាគាររាជធានីខេត្ត អគ្គានុរក្សថ្នាក់លេខ៣ សក្តិ១។ ដោយឡែកអនុប្រធានប៉ុស្តិ៍រដ្ឋបាល ជាព្រិន្ទបាលឯក។ មន្ត្រីនគរបាល ជាព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី។ រីឯអនុរក្សពន្ធនាគារ ជាអគ្គានុរក្សថ្នាក់លេខ៤ អនុរក្សថ្នាក់លេខ១ អនុរក្សថ្នាក់លេខ២ អនុរក្សថ្នាក់លេខ៣។

សូមបញ្ជាក់ថាការធ្វើកំណែទម្រង់សក្តិ របស់ក្រសួងមហាផ្ទៃបែបនេះ បានធ្វើឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំផ្ទាល់មាត់ជូន សម្តេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យបញ្ចុះសក្តិក្នុងជួរទាហាន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឲ្យកាត់បន្ថយផ្កាយ ក្នុងជួរនគរបាល៕

To Top