ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ ខ្មែរគួរពិចារណា ដូរឈ្មោះព្រះអង្គដងកើ ទៅជាព្រះអង្គដងទង់ធំ (មានវីដេអូ)

ភ្នំពេញ៖ ដោយសារពាក្យ “កើ” ជាពាក្យកម្ចីពីបរទេស និងមានន័យជាភាសាខ្មែរថា “ទង់” ដូច្នេះកូនខ្មែរគួរពិចារណា ឈប់ហៅព្រះអង្គដងកើ ដោយជំនួសមកវិញ ដោយការហៅថា ព្រះអង្គដងទង់ធំ ព្រះអង្គដងជ័យ ឬអ្វីផ្សេងវិញជាការប្រសើរ។

កូនខ្មែរជាម្ចាស់ស្រុក គួរបញ្ឈប់ការហៅតាម ទម្លាប់ដែលខុសតៗគ្នា ទៅទៀតដែលនាំឲ្យ អាប់ឱនដល់កិត្តិយស ប្រទេសជាតិ ព្រោះពាក្យព្រះអង្គដងកើ ជាពាក្យរបស់បរទេស ដែលគេមានចេតនាអាក្រក់ បំភ័ន្តស្មារតីប្រជាជនខ្មែរ ក្នុងបំណងអ្វីមួយ។

ករណីនេះលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលឪពុកក្មេក របស់លោកស្រី គឺលោកតា ឆេង ផុន ដែលជាអ្នកប្រាជ្ញ ខាងវប្បធម៌ខ្មែរ ហើយលោកស្រី ក៏បានយល់ច្បាស់ពីបញ្ហានេះ ដែរដូច្នេះលោកស្រី អាចគួរពិចារណាដោយការយោគយល់ ដើម្បីជាប្រយោជន៍ខ្មែរ រាប់រយរាប់ពាន់ឆ្នាំ ទៅមុខទៀតដោយកែឈ្មោះ ព្រះអង្គដងកើ ដាក់ទៅជាព្រះអង្គដងទង់ធំ ឬឈ្មោះអ្វីផ្សេងជំនួស ដោយចៀសវាងការប្រើពាក្យ “កើ” ព្រោះពាក្យព្រះអង្គដងកើ កើតឡើងក្នុងសម័យអាណានិគមនិយមបារាំង ហើយអ្នកបកប្រែពីភាសាបារាំង ភាគច្រើនជាជនជាតិវៀតណាម ដោយឡែកបច្ចុប្បន្ននេះ ខ្មែរជាម្ចាស់ស្រុក មានសិទ្ធិពេញលេញ ក្នុងការដូរពីឈ្មោះបរទេស មកជាឈ្មោះខ្មែរវិញ ។

មតិមួយទៀតក៏បានសំណូមពរ ដល់អ្នករត់រថយន្តឈ្នួល ពីខ្មែរទៅទីក្រុងហូ ជីមិញប្រទេសវៀតណាម កុំឲ្យប្រើពាក្យ ហូ លឿង ដែលសំដៅទៅលើអ្នកលឿង សៃហ្គន់ម៉ើយ សំដៅលើក្បាលថ្នល់ កីសូសាវ ស្មើនឹងគីឡូលេខ៦ ដែលភាសាទាំងនេះ រាប់រយឆ្នាំទៅមុខទៀត បើយើងមិនបានគិតទេ នឹងក្លាយជាពាក្យ ប្រវត្តិសាស្រ្ត ដូចព្រះអង្គដងកើ ដូច្នោះដែរ៕

ដោយ៖ សយ សុភាព

Facebook Comments

To Top