ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនជាតិចិន ៣នាក់ នៅព្រលានយន្តហោះ ភ្នំពេញ ករណីយកលុយ ជាង៣លានដុល្លារ ចូលកម្ពុជាខុសច្បាប់

ភ្នំពេញ៖ កងកម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឃាត់ខ្លួនជនជាតិចិន៣នាក់ ដែលជាជនសង្ស័យ ក្នុងករណីនាំចូល សាច់ប្រាក់ចំនួន ៣.៥២០.០០០ដុល្លារ ដោយពុំមានការបញ្ជាក់​ ពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា បន្ទាប់ពីការឃាត់ខ្លួន សួរចម្លើយ និងត្រួតពិនិត្យឯកសារ របស់ជនសង្ស័យទាំង៣ រួចមក សមត្ថកិច្ចបានរៀបចំ បែបបទបញ្ជូនខ្លួន ជនសង្ស័យទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់វិធានការ បន្តតាមនីតិវិធី ច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានកម្ពុជា។

ជនល្មើសទាំង៣នាក់ រួមមាន៖ទី១- ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែន លេខEC9259330 មុខរបរមិនពិតប្រាកដ , ទី២-ឈ្មោះ Wang Lichao កាន់លិខិតឆ្លងដែនលេខED4367915 មុខរបរមិនពិតប្រាកដ , និងទី៣-ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ កើតឡើង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋាន​ អន្តរជាតិភ្នំពេញ៕ ដោយ៖ធី លីថូ

To Top