Uncategorized

លោកស្រី រ៉ូណា ស្មីត នឹងអញ្ជើញមក បំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ១១ថ្ងៃ

ភ្នំពេញ៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ តាមការអញ្ជើញ របស់រាជរដ្ឋាភិបាល។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នៅថ្ងៃទី២៣មេសា។

លោកស្រីស្មីតបាន មានប្រសាសន៍ថា “ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរ វិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់ ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក”។ ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្សទាក់ទង នឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដោយពិនិត្យជាពិសេសទៅលើកា រមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព”។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ លោកស្រី ស្មីត នឹងបំពេញទស្សន កិច្ច ផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្ម ផ្លូវការជាប្រចាំមកកាន់ប្រទេសកម្ពុជានិងធ្វើ របាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សា សិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩។
អ្នកស្រី ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ដោយមានធ្វើសន្និសីទសារ

ព័ត៌មានមួយដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា នៅវេលាម៉ោង ០៣:00 រសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ អនុញ្ញាតឲ្យតែអ្នកសារព័ត៌មានប៉ុណ្ណោះ៕

Facebook Comments

To Top