ព័ត៌មានជាតិ

អធិការនគរបាល ស្រុកកំពង់សៀម ត្រូវបានដាក់ពិន័យ ក្រោយប្រើហិង្សា លើពលរដ្ឋ ខណ:ជនរងគ្រោះ បញ្ជួនទៅសង្រ្គោះនៅវៀតណាម

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ បានចេញលិខិតបង្គាប់ ការដកលោកស័ក្តិ៥ ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម មកទទួលពិន័យ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ក្រោយរងការចោទប្រកាន់ ប្រើអំពើហិង្សាលើ ប្រជាពលរដ្ឋម្នាក់ នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម កាលពីយប់ថ្ងៃទី ១៦ មេសា ២០១៩។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី ២៤ មេសានេះថា គ្រូពេទ្យជោរ៉ៃភ្នំពេញ បានបញ្ជួនបងរបស់លោក ទៅព្យាបាលបន្ត ទៅប្រទេសវៀតណាមកាលពីថ្ងៃទី ២២ មេសា ២០១៩ ក្រោយពីពិនិត្យឃើញ ស្នាមរបួស ខាងក្នុងខ្លួនរបស់គាត់ មានលក្ខណ:ធ្ងន់ធ្ងរ គឺកកឈាមក្នុងខួរក្បាល , ប្រេះស្រាំឆ្អឹងជំនី និងធ្លាយស្រោមសួត។

ប្រភពបានឲ្យដឹងទៀតថា ករណីដែលបណ្តាលឲ្យ រងរបួសខាងលើនេះ បានកើតឡើងក្នុងកន្លែងរាំ នៅភូមិខែលជ័យ ហើយខាងនគរបាលស្រុកកំពង់សៀម បានចាប់ខ្លួនឈ្មោះ ហាក់ ស៊ាងហាន ទៅអធិការនគរបាលស្រុកនេះ ទាំងកណ្ដាលយប់ថ្ងៃទី ១៦ មេសា រហូតដល់ព្រឹកថ្ងៃ១៧ ខែដដែលទើបដោះលែងវិញ ដែលបណ្តាលឲ្យគាត់( ហាក់ ស៊ាងហាន) មានសភាពបែបនេះ។

ប្រភពបានបន្តថា ដោយឃើញអាការ:ធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជួន ទៅសង្រ្គោះនៅមន្ទីរពេទ្យ យោធាប្រាំពីរដេ នៅស្រុកកំពង់សៀម គឺនៅទីនោះជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅមន្រ្តីកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដល់ថ្ងៃទី ២០ មេសាបានបញ្ជួន ជនរងគ្រោះ ទៅថតស្គែនរខួរក្បាល នៅគ្រូពេទ្យ ឆៅ ចាន់ផល ក្រុងកំពង់ចាម គឺគ្រូពេទ្យបញ្ជាក់ថា មានឈាមកកក្នុងខួរក្បាល ក៏បញ្ជួនបន្តទៅ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ ។

មន្រ្តីអាវុធហត្ថ ខេត្តកំពង់ចាម ដែលបានចុះទៅ ស៊ើបអង្កេត ករណីខាងលើនេះ បានឲ្យដឹងនៅថ្ងៃទី ២៤ មេសានេះដែរថា បន្ទាប់ពីទទួល ព័ត៌មានពីខាងរងគ្រោះ តាមបណ្តាញ សង្គមហ្វេសប៊ុក និងបញ្ជាផ្ទាល់មាត់របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ទើប នៅថ្ងៃទី ១៧ មេសា បានធ្វើការស៊ើបអង្កេត ចងក្រងជាសំណុំរឿង បញ្ជួនទៅកាន់ ព្រះរាជអាជ្ញាវិញនៅថ្ងៃទី ២២ មេសា ២០១៩។

គួររំលឹកថា កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យខាងស្នងការនគរបាល ខេត្តកំពង់ចាម ស៊ើបអង្កេត ពិនិត្យបទល្មើស និងរាល់ចំណុចទាំងអស់ ដែលទាក់ទិន នៅក្នុងអង្គហេតុ តាមព័ត៌មានក្នុង បណ្តាញសង្គម ហ្វេសប៊ុក(Facebook) ឈ្មោះ Bun Thern ម៉ោង ៣និង ៣៧ នាទីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ របស់ប្រជាពលរដ្ឋ នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម សូមឲ្យលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមជួយរកយុត្តិធម៌។

ឈ្មោះ Bun Thern បានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា « ឲ្យពួកខ្ញុំរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុស របស់ខ្ញុំប្រកែកពាក្យសម្តី ជាមួយគ្នាបន្តិច គាត់មកផ្ទះវិញ ហើយមិនដល់ផ្ទះផង ស្រាប់តែ លោកអធិការ ស្រុកកំពង់សៀម លោក ឯក ប៉ាំន់ដន មកចាប់បងប្រុសខ្ញុំវៃ ហើយបញ្ជួនមកស្រុកវៃ ចាក់ទឹកសន្លប់ពីរដង ហើមគ្រប់កន្លែង ឥឡូវដេកពេទ្យប្រាំពីរដេ។ ហេតុអ្វី លោកអធិការនគរបាល ស្រុកកំពង់សៀម ធ្វើបាបបងប្រុសខ្ញុំ ដល់ថ្នាក់នេះ» ។

លោក ជុំ ណារ៉ាន់ មន្រ្តីអ្នកនាំពាក្យ សាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងនៅរសៀលថ្ងៃទី ២៤ មេសាថា សំណុំរឿងខាងលើនេះ ពិតជាបានមកដល់ដៃ ខាងតំណាង អយ្យការហើយ គឺលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។ ប៉ុន្តែនៅមិនទាន់បញ្ជួន មកខាងចៅក្រមស៊ើបសួរ នោះទេ ដោយពុំទាន់មាន ការចោទប្រកាន់ គឺរបាយការណ៍ នៃសំណុំរឿងនេះ រវាងខាងនគរបាល និងខាងកងរាជអាវុធហត្ថ ហាក់មានលក្ខណ:ខ្វែងគំនិតគ្នា ៕

Facebook Comments

To Top