នយោបាយ

រដ្ឋមន្រ្តីពាណិជ្ជកម្ម គាំទ្រការបង្កើត ព្រឹត្តិការណ៍ពាណិជ្ជកម្ម របស់អង្គការ JETRO ដើម្បីជំរុញ ការនាំចេញផលិតផលខ្មែរ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការគាំទ្រ ចំពោះគម្រោងបង្កើតព្រឹត្តិការណ៍ ពិព័រណ៌ពាណិជ្ជកម្ម និងជំនួបធុរកិច្ច របស់អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នៅក្នុងផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ នាដើមខែតុលាខាងមុខ ដើម្បីជំរុញការផ្សព្វផ្សាយ ផលិតផលខ្មែរ និងទាក់ទាញ ការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ការគាំទ្ររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាជាមួយលោក មីយ៉ាវ ម៉ាសាហ៊ីរូ (Miyao Masahiro) ប្រធានអង្គការ JETRO នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិសហការ វិស័យពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងជប៉ុន។

នៅក្នុងកិច្ចពិភាក្សា លោករដ្ឋមន្រ្តី បានស្នើប្រធានអង្គការ JETRO ជួយសិក្សាអំពីលទ្ធភាពកែច្នៃ និងអភិវឌ្ឍន៍ផលិតផលខ្មែរ នៅតាមបណ្តារាជធានីខេត្ត ក្នុងប្រទេសកម្ពុជា និងប្រមូលផលិតផល ដែលមានសក្តានុពលទាំងអស់ ធ្វើការដាក់លក់ និងបង្ហាញជូនសាធារណៈជន ក៏ដូចជាវិនិយោគិនជប៉ុន នៅក្នុងផ្សារទំនើប AEON ទាំងពីរសាខា ដើម្បីជំរុញការនាំចេញ ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដើម្បីពង្រីកវត្តមាន ផលិតផលខ្មែរ នៅលើទីផ្សារអន្តរជាតិ ស្របតាមនិន្នាការពិភពលោក និងបានស្នើ ប្រធានអង្គការ JETRO ធ្វើការសហការជាមួយផ្សារទំនើប AEON ដើម្បីជាបង្កើតវេទិកា ឬកម្មវិធីដោះដូរទំនិញ តាមប្រព័ន្ធអ៊ិនធើណេត ក៏ដូចជាបញ្ជរលក់ និងចែកចាយផលិតផលខ្មែរ ទៅកាន់អតិជនគោលដៅ ឱ្យបានទូលំទូលាយ។

ជាការឆ្លើយតប លោក មីយ៉ាវ ម៉ាសាហ៊ីរូ បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងបានតែងគាំទ្រប្រតិបត្តិការ របស់អង្គការ JETRO នៅកម្ពុជា រយៈពេលជាង ៩ឆ្នាំនេះ។ លោកប្រធានអង្គការ JETRO រូបនេះ បានសន្យាដឹកនាំវិនិយោគិនជប៉ុន ចូលរួមព្រឹត្តិការណ៍ភូមិ១ ផលិតផល១ របស់កម្ពុជា និងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្ម និងជំនួបធុរកិច្ច នៅផ្សារទំនើប AEON ដើម្បីស្វែងយល់អំពីសក្តានុពល ផលិតផលខ្មែរ និងឱកាស ធ្វើធុរកិច្ចនៅកម្ពុជា។

បន្ថែមលើនេះ លោក មីយ៉ាវ ម៉ាសាហ៊ីរូ ក៏បានស្នើសុំ លោករដ្ឋមន្ត្រី ធ្វើវិសោធនកម្មអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្មឡើងវិញ ដោយបញ្ចូលបន្ថែមនូវ ផែនការអាជីវកម្មថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top