អន្តរជាតិ

ប្រមុខយូអិន៖ ការចោទប្រកាន់ លើអ្នកសារព័ត៌មាន រ៉យទ័រ នៅមីយ៉ាន់ម៉ា ជាការមិនអាចទទួលយកបាន

យូអិន៖ អ្នកនាំពាក្យបានលើកឡើងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres មើលឃើញការចោទប្រកាន់ ទៅលើអ្នកសារព័ត៌មាន Reuters នៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ជាការ “មិនអាចទទួលយកបាន” ហើយនឹងបន្តអំពាវនាវ ឱ្យមានការដោះលែងពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

លោក Stephane Dujarric បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ ទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីតុលាការកំពូល របស់ប្រទេសមីយ៉ាន់ម៉ា បានច្រានចោលបណ្តឹងឧទ្ធរណ៍ ចំពោះការផ្តន្ទាទោសរបស់ពួកគេថា “អគ្គលេខាធិការនៅតែមានការព្រួយបារម្ភ ចំពោះការបន្តការឃុំឃាំងលោក Wa Lone និងលោកស្រី Kyaw Soe Oo “។

លោកបានបន្ថែមថា “វាមិនអាចទទួលយកបានទេថា អ្នកកាសែតទាំងនេះ ត្រូវបានគេកាត់ទោស ចំពោះការរាយការណ៍ អំពីការរំលោភបំពាន សិទ្ធិមនុស្សសំខាន់ៗ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន យើងត្រូវតែបន្ត ធ្វើការតស៊ូមតិ និងធ្វើការឆ្ពោះទៅរកការដោះលែង ពួកគេហើយពង្រឹងការការពារអ្នកកាសែត។

តុលាការកំពូល របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានច្រានចោលការប្តឹងឧទ្ធរណ៍ ដោយអ្នកសារព័ត៌មានរ៉យទ័រ ពីររូបដែលត្រូវបានកាត់ទោសជាប់គុក ៧ ឆ្នាំ ពីបទរំលោភច្បាប់អាថ៌កំបាំង ផ្លូវច្បាប់សម័យអាណានិគម៕ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top