ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើហ្វីលីពីន ជំរុញទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើភាគីហ្វីលីពីន ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែ មានទំហំខ្លាំងឡើងថែមទៀត ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជាផុតអាណត្តិនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ បានថ្លែងថា “ទន្ទឹមនឹងមិត្តភាព និងសហប្រតិបត្តិការល្អ សម្តេចបានស្នើដល់ភាគីហ្វីលីពីន ជំរុញដល់ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យកាន់តែ មានទំហំខ្លាំងឡើងថែមទៀត” ។

ជាការឆ្លើយតប លោក Christopher Baltazar MONTERO បានជម្រាបសម្តេចតេជោ នាយករដ្ឋមន្រ្តីថា ពេលនេះច្បាប់នាំអង្ករ ចូលប្រទេសហ្វីលីពីន ដែលតម្រូវឲ្យចូលដេញថ្លៃដាច់ខាត នោះគឺអស់សុពលភាពហើយ។ ដូច្នេះពេលនេះប្រទេសណា ក៏អាចនាំអង្ករចូលហ្វីលីពីន បានដោយសេរី រួមទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ លោក Christopher Baltazar MONTERO បានឲ្យដឹងដែរថា ស្របពេលកម្ពុជាកំពុងមានសុខសន្តិភាព គឺមានអ្នកវិនិយោគិនហ្វីលីពីនជាច្រើនបាន មកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជាដែលកំពុងផ្តល់ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ក្នុងនោះក៏មានការវិនិយោគ លើការហោះត្រង់ពីហ្វីលីពីន មកកាន់កម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ លោកថា ក្នុងនាមជាអគ្គរដ្ឋទូត ហ្វីលីពីនប្រចាំកម្ពុជា គឺពេញចិត្តដែលបានឃើញ ពលរដ្ឋខ្មែរបានទៅចូលរួម បោះឆ្នោតតាមលក្ខណៈ ប្រជាធិបតេយ្យជ្រើសរើស គណបក្សនយោបាយដែលខ្លួន ពេញចិត្តដោយសេរី កាលពីឆ្នាំ២០១៨ ដែលពេលនោះហ្វីលីពីន បានទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរបស់កម្ពុជា មុនដំបូងគេបង្អស់ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top