នយោបាយ

នាយករដ្ឋមន្រ្តី ប្រាប់ភាគីចិនថា កម្ពុជាមិនយក EBA ដូរជាមួយអធិបតេយ្យភាពឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅកាន់មិត្តដែកថែបចិនថា ទោះបីសហភាពអឺរ៉ុប (EU) បានលើកយកបញ្ហាការអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) មកដាក់សម្ពាធលើកម្ពុជា ក៏កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរឡើយ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា “ថ្វីត្បិតថ្មីៗនេះ ខាង EU បានលើកយក EBA មកដាក់សម្ពាធលើកម្ពុជា គឺកម្ពុជាមិនអាចយក អធិបតេយ្យភាពជាតិ ទៅដោះដូរបានឡើយ។ កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ហើយដកដង្ហើមរស់ដោយខ្លួនឯង”។

សម្តេចតេជោបន្ដថា ពាណិជ្ជករ និងអ្នកវិនិយោគទាំងអស់ បានដឹងហើយពី EBA នឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ ពេលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនខ្ពស់។ EBA ផ្តល់ឲ្យមកប្រទេស ស្ថិតក្នុងស្ថានភាពក្រីក្របំផុត ដូច្នេះគ្មានអ្វីត្រូវបារម្ភឡើយ ព្រោះទស្សនវិស័យកម្ពុជា គឺឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន ហើយចូលរួមបង់ពន្ធដារ ទៅប្រទេសដទៃដូចគេដូចឯង។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រីក៏លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនវិនិយោគ តូចធំរបស់ចិន បន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឲ្យពង្រីក ការនាំចូលផលិតផលកសិកម្ម និងផលិតផលសម្លៀកបំពាក់របស់កម្ពុជា ទៅកាន់ទីផ្សារចិនបន្ថែមទៀត។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្រ្តី ក៏ស្នើឲ្យចិនគាំទ្រ និងកិច្ចសហការជាមួយមិត្តចិន ដើម្បីជំរុញ តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មពិសេស នៅខេត្តព្រះសីហនុ ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ចិនថា អំពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា មានជាបន្តបន្ទាប់ ជាពិសេសក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនកន្លងទៅថ្មីៗ ដែលបានជួយកាត់បន្ថយ ការចំណាយយ៉ាងច្រើន ដល់អ្នកវិនិយោគ ដើម្បីក្រុមហ៊ុនមានលទ្ធភាពបង់ពន្ធ នាំចេញចូលងាយស្រួល ចំណាយតិចក្នុងការផលិត និងដឹកជញ្ជូន នឹងបានទទួលមកវិញ នូវប្រាក់ចំណេញកាន់តែច្រើន។

ចំណែកលោក ឈិន យន់ បានគាំទ្រទាំងស្រុងចំពោះសម្តចតេជោ ដែលមានទស្សនវិស័យ ដឹកនាំលើផ្លូវវិជ្ជមាន ក្នុងការធ្វើឲ្យប្រទេសជាតិ កាន់តែឆាប់រីកចម្រើនទៅមុខ។ លោកបានសន្យា បន្តកៀងគរប្រមូលអ្នកវិនិយោគិន ពីចិនមកកម្ពុជាកាន់តែច្រើនទៀត ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យូរ នៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរក ភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top