ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំឲ្យ នគរបាលបង្កើន វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្កើនវិធានការក្នុងការសហការ ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានម៉ឺងម៉ាត់ រាល់ឧក្រិដ្ឋកម្មឆ្លងដែន ។

តាមរយៈសេចក្ដីណែនាំ ស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ចេញថ្ងៃទី២២ មេសា សម្ដេច ស ខេង បានថ្លែងថា ថ្មីៗនេះក្រសួងបានទទួលព័ត៌មាន និងបានធ្វើការកត់សម្គាល់ នូវសញ្ញាណទាក់ទង ដល់ការប៉ុនប៉ងលួចលាក់ ធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន នៅភូមិសាស្ត្រមួយចំនួន ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ។

សម្ដេចបន្តថា ដើម្បីថែរក្សាពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិទុកឲ្យមានភាពចន្លោះប្រហោង សម្រាប់ពួកឧក្រិដ្ឋជន ធ្វើសកម្មភាពបំផ្លិចបំផ្លាញ សង្គមជាតិបាន ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់កងកម្លាំង នគរលបាលជាតិ និងសមត្ថកិច្ចក្រោមឱវាទ ដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដូចជាអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការជួញដូរអាវុធ និងបទល្មើសបច្ចេកវិទ្យា ។ល។

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា “ក្រសួងមហាផ្ទៃ សូមដាក់ចេញនូវបទបញ្ជា ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនវិធានការ ក្នុងការសហការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានម៉ឺងម៉ាត់ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន កំពង់ផែសមុទ្រ និងតាមខ្សែបន្ទាត់ព្រំដែន ហើយត្រូវរាយការណ៍ស្នើសុំ គោលការណ៍ចង្អុលដឹកនាំ ជាបន្ទាន់ពីក្រសួងមហាផ្ទៃ ក្នុងករណីមានបទល្មើសកើតឡើង” ។

សម្ដេច ស ខេង សង្កត់ធ្ងន់ថា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងអង្គភាពក្រោមឱវាទដែលពាក់ព័ន្ធ ត្រូវចាត់ចែងអនុវត្តន៍សេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

Facebook Comments

To Top